ថ្ងៃ ២៤ កុម្ភះឆ្នាំ ២០១៧ ខាងមុខនេះ ជាខួបលើកទី៣៨ នៃថ្ងៃដែលខ្ញុំបានជួបភរិយា និងកូនខ្ញុំឡើងវិញ បន្ទាប់ពីការបែកគ្នាដោយការឈឺចាប់ជាមួយទឹកភ្នែករាប់លានដំណក់នាថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ១៩៧៧។ ជាពេលវេលាដ៏លំបាកក្នុងការសម្រេចចិត្ត ម្ខាងគឺប្រជាជនរាប់លាននាក់ដែលត្រូវពួក ប៉ុលពត កាប់សម្លាប់

ម្ខាងទៀតគឺភរិយាដ៏កំសត់រស់នៅម្នាក់ឯងជាមួយកូនក្នុងផ្ទៃជាង៥ខែ។ (ខ្ញុំសរសេរផ្សព្វផ្សាយខ្លះរួចមកហើយ) នៅត្រង់វគ្គព្រាត់គ្នានេះ។ ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ប្រជាជនស្ទើរទូទាំងប្រទេសសប្បាយរីករាយ បន្ទាប់ពីបានរំដោះចេញពីរបបប្រល័យពូជសាស្ត្រ ប៉ុលពត។ ខ្លួនខ្ញុំពិតមែនតែរីករាយ ប៉ុន្តែការគ្មានព័ត៌មានពីភរិយា (នៅរស់ឬស្លាប់) ធ្វើឱ្យខ្ញុំបន្តស្រក់ទឹកភ្នែកមិនឈប់។ ៤៧ ថ្ងៃ ដែលភរិយាខ្ញុំសម្ងំលាក់ខ្លួនដើម្បីសុវត្ថិភាព ជាពេលវេលាទុក្ខព្រួយរបស់ខ្ញុំ។ ថ្ងៃ ២៤ កុម្ភះ ឆ្នាំ ១៩៧៩ ពេលបានជួបជុំគ្នាឡើងវិញ យើងពិតជាសប្បាយចិត្តខ្លាំងណាស់ តែមិននឹកស្មានថា ម៉ាណែតដែលមិនស្គាល់ឪពុក រារាំងខ្ញុំ និងភរិយាខ្ញុំមិនឱ្យនៅក្បែរគ្នារហូតដល់២ខែទៀត។ ខ្ញុំពិតជាតក់ស្លុតនៅពេល ម៉ាណែត ហៅខ្ញុំថាពូ និងបណ្តេញខ្ញុំចេញពីម្តាយគេរយះពេល២ខែ។ រៀងរាល់យប់ខ្ញុំត្រូវរង់ចាំ ម៉ាណែត គេងលក់សិន ទើបហ៊ានទៅសំរាកជាមួយម្តាយគេ។ នេះហើយជារស់ជាតិនៃការនិរាសព្រាត់ប្រាស់ដោយសារសង្គ្រាម។ រឿងរបស់ខ្ញុំ គឺជារឿងតូចមួយក្នុងចំណោមរឿងដែលបានកើតឡើងសំរាប់ប្រជាជនកម្ពុជានាដំណាក់កាលសង្គ្រាម និងរបប ប៉ុលពត។ ទោះពេលវេលាបានកន្លងហួសរាប់សិបឆ្នាំហើយក្តី តែនៅពេលដែលខ្ញុំនឹកឃើញដល់រឿងកូនទី១ស្លាប់ និងការបែកគ្នារហូតកូនមិនស្គាល់ឪពុក ទឹកភ្នែកខ្ញុំនៅតែបន្តហូរមកដោយមិនដឹងខ្លួន។ ដោយតម្លៃណាក៏ដោយត្រូវការពារសន្តិភាពឱ្យបាន និងមិនត្រូវអត់ឱនឲ្យអ្នកណាក៏ដោយដែលបំផ្លាញសន្តិភាព និងបង្កឱ្យមានចលាចល៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា