ថ្ងៃនេះបងប្អូនប្រជាពលរដ្ឋស្រុកកោះធំ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តកណ្តាលទាំងមូលបានស្ពានថ្មីមួយប្រើប្រាស់។ ខ្ញុំសប្បាយរីករាយណាស់ដែលបានមកសម្ពោធបើកអោយប្រើប្រាស់នៅថ្ងៃនេះ។ ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំគឺជាប្រភេទស្ពានគុណភាពបេតុងសរសៃដែកមានប្រវែង ៤១៥ម៉ែត្រ លាតសន្ឋឹងលើផ្លូវជាតិលេខ២១ ពីត្រើយខាងលិចឆ្ពោះទៅផ្លូវជាតិលេខ ១១០ ទៅត្រើយខាងកើតទន្លេបាសាក់។

ស្ពាននេះចំណាយទឹកប្រាក់សាងសង់អស់ប្រមាណ ១៩.៣៩ លានដុល្លារអាមេរិក ដែលជាកម្ចីសម្បទានពីមិត្តចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាប្រមាណ ២.៨លានដុល្លារ។ នេះជាស្ពានលើកទី៧ហើយ ដែលមិត្តចិនបានជួយកម្ពុជា។ ពីមុនមកយើងមិនដែលគិតស្មានថាបានស្ពានល្អបែបនេះប្រើប្រាស់ទេ តែថ្ងៃនេះយើងបានស្ពានពិតប្រើប្រាស់ មែន។ ស្ពាននេះនឹងផ្តល់ ឱកាសយ៉ាងច្រើនដល់ប្រជាពលរដ្ឋយើងទាំងក្នុងការធ្វើដំណើរ និងប្រកបការងារ ផ្សេងៗ។ ខ្ញុំសូមកោតសរសើរដល់ក្រសួងសាធារណៈការនិងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអជ្ញាធរមាន សមត្ថកិច្ចទាំងអស់ដែលបានចូលរួមសហការជួយសម្របសម្រួលក្នុងការសាងសង់ស្ពាននេះ។ ខ្ញុំក៏សូមថ្លែអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលមិត្តចិនដែលតែងតែយកចិត្តទុកដាក់ជួយកម្ពុជា ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ឋផ្លូវស្ពានថ្នល់។ សូមអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាស្ពានថ្មីនេះអោយបានល្អដើម្បីយើងប្រើប្រាស់បានយូរអង្វែង។ ទន្ទឹមនឹងនេះ សូមបងប្អូនបើកបរគោរពច្បាប់ចរាចរណ៍ កុំដឹកលើសទម្ងន់កំណត់ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ។ ខ្ញុំសូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អគ្រប់ៗគ្នាកុំបីខាន៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា