ភ្នំពេញៈ ទីប្រឹក្សារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញឲ្យអាជ្ញាធរ និងក្រុមប្រឹក្សាច្បាប់ចាត់វិធានការទៅលើស្រ្តីម្នាក់ដែលបាន ប្រើហ្វេសប៊ុករបស់នាងឈ្មោះ គីម បុប្ផា បង្ហោះព័ត៌មានប្រឌិតថាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្លាប់នៅមន្ទីរពេទ្យក្នុងប្រទេសសិង្ហបុរី។
លោក អាណាន ដាយ៉ាត ទីប្រឹក្សាលោក ហ៊ុន សែន បានចាត់ទុកការប្រឌិតព័ត៌មានរបស់ គីម បុប្ផា ថាជាការប្រមាថទៅលើលោកនាយករដ្ឋមន្រ្តីហើយថាសកម្មភាពនេះមិនមែនជា ការរិះគន់បែបស្ថាបនាទេប៉ុន្តែជាការប្រមាថខុសច្បាប់ក្នុងការ ប៉ុនប៉ងសម្លាប់លោកនាយករដ្ឋមន្រ្តីដែលត្រូវតែមានចំណាត់ការផ្លូវ ច្បាប់។
ទោះយ៉ាងណាក្តីលោក ដាយ៉ាត មិនដាក់ពាក្យបណ្តឹងទៅតុលាការប្រឆាំងនឹង គីម បុប្ផា ទេដោយលោកថាលោកគ្រាន់តែជំរុញឲ្យក្រុមប្រឹក្សាច្បាប់នៃទីស្តីការ គណៈរដ្ឋមន្រ្តី និងអគ្គស្នងការនគរបាលជាតិចាត់ចំណាត់ការទៅលើ គីម បុប្ផា តែប៉ុណ្ណោះ។
លោកបន្ថែមថា ថាតើនឹងមានចំណាត់ការផ្លូវច្បាប់ឬអត់គឺអាស្រ័យទៅលើមេធាវី របស់រដ្ឋាភិបាល។ «បុគ្គលណាដែលប្រមាថជីវិតរបស់លោកនាយករដ្ឋមន្រ្តីមានន័យថាវា ខុសច្បាប់។ វាមានន័យថាគាត់ប៉ុនប៉ងធ្វើឃាត។ យើងត្រូវតែមានវិធានការ»។ «ប្រសិនបើយើងមិនមានវិធានការសីលធម៌ហ្វេសប៊ុកនឹងកាន់តែអាក្រក់»។
នៅលើហ្វេសប៊ុករបស់នាងកាលពីថ្ងៃពុធ គីម បុប្ផា បានសរសេរថា «ដំណឹងមរណភាព» «ហ៊ុន សែន ងាប់នៅក្នុងមន្ទីរពេទ្យមួយនៃប្រទេសសិង្ហបុរី» ហើយនៅខាងក្រោមការសរសេរនេះនាងក៏បានដាក់រូបភាពលោក ហ៊ុន សែន ដេកស្លាប់។
ទោះយ៉ាងណាក្តីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោកថាលោកបានមកដល់កម្ពុជាបន្ទាប់ពី ការពិនិត្យសុខភាពក្នុងប្រទេសសិង្ហបុរីដោយមានសុខភាពរឹងមាំ និងបានថ្លែងអំណរគុណដល់ជនរួមជាតិដែលបានបារម្ភអំពីសុខភាពរបស់ លោក និងបានចុច Like លើហ្វេសប៊ុករបស់លោក។
ទន្ទឹមនេះលោកនាយករដ្ឋមន្រ្តីបានឆ្លើយតបចំពោះការផ្សព្វផ្សាយដែល ថាលោកបានស្លាប់ថាគឺជាសកម្មជនរបស់គណបក្សនយោបាយ។ ជាការឆ្លើយតបលោក ហ៊ុន សែន មិនគំរាមចាត់ចំណាត់ការទៅលើនរណាដែលបានប្រមាថលោកទេគ្រាន់តែសូម ឲ្យអ្នកដែលប្រមាថទាំងនោះប្តូរឥរិយាបថបញ្ឈប់ការប្រមាថលោក ពីព្រោះវាគ្មានប្រយោជន៍សម្រាប់ពួកគេទេ។
លោក ហ៊ុន សែន បានសរសេរថា៖ «តាមការស្រាវជ្រាវអស់លោកគឺជាសកម្មជននៃបក្សនយោបាយដែលមេដឹកនាំ របស់អស់លោកមួយចំនួនជាជនពាល និងជាជនបោកប្រាស់អាជីព។ ពួកគេបានហ្វឹកហ្វឺនតាមរបៀបក្មេងពាលដែលសង្គមស្អប់ខ្ពើម។ ពេលមានបញ្ហាគេតែងតែរត់ចោលស្រុក និងទុកឱ្យថ្នាក់ក្រោមជាប់គុកជំនួស»។
លោក ហ៊ុន សែន បានបន្ថែមថា៖ «ប្អូនៗក្មួយៗមិនមានខាតបង់អ្វីនោះទេដោយគ្រាន់តែមិនបានជេរ ប្រមាថអ្នកដទៃនោះ។ ផ្ទុយទៅវិញអស់លោកនឹងទទួលបានផលចំណេញដោយមិនបានកសាងអំពើបាប និងមិនបានជាប់គុកដោយសារតែមិនបានសាងអំពើខុសច្បាប់»។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ បានថ្លែងថាគ្មានសមាជិកគណបក្សសង្គ្រោះជាតិណាម្នាក់ធ្វើបែបនោះទេ។
លោកថ្លែងថា៖ «យើងបានបញ្ជាក់រួចហើយថាយើងមិនបានធ្វើរឿងអាក្រក់បែបនេះដែល ខ្វះសីលធម៌ សេចក្តីថ្លៃថ្នូរដូចនេះទេ។ គណបក្សណាធ្វើទៅរកគណបក្សនោះទៅ។ ពួកគេចង់លាបពណ៌លើ [គណបក្សសង្គ្រោះជាតិ] ដើម្បីឲ្យពលរដ្ឋឃើញថា [គណបក្សសង្គ្រោះជាតិ] ធ្វើសកម្មភាពដូចនេះ»។ «ប្រសិនបើវានៅតែមានន័យថានេះជាយុទ្ធសាស្រ្តរបស់គណបក្សកាន់ អំណាចដូច្នេះសូមជនរួមជាតិប្រុងប្រយ័ត្ន»។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ និងលោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាល ម្សិលមិញ។ ប៉ុន្តែ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីថ្លែងថាការបង្កើតរឿងប្រឌិត បែបនេះវាប៉ះពាល់ដល់សន្តិសុខជាតិ។ «ដូច្នេះនេះជាការបំពានច្បាប់។ ជាគោលការណ៍ត្រូវតែមានការស្វែងរកចាប់ខ្លួនយកទៅកាត់ទោស»៕ PS
តាមរយះ គេហទំព័រ ភ្នំពេញប៉ុស្តិ៍
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូបថត ហ្វេសប៊ុក