ភ្នំពេញៈ ពលករខ្មែរធ្វើការនៅប្រទេសកូរ៉េបីនាក់ដែលជាអ្នកជេរប្រមាថ និងដុតរូបថតលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីដើមឆ្នាំ ២០១៤ ដោយសារតែខឹងទៅនឹងចំណាត់ការរបស់រដ្ឋាភិបាលក្នុងការបង្ក្រាបដោយ ហិង្សាទៅលើការតវ៉ាទាមទារដំឡើងប្រាក់ខែរបស់កម្មករនៅផ្លូវវេង ស្រេងបានចេញមុខសារភាពកំហុសនៅស្ថានទូតខ្មែរប្រចាំនៅកូរ៉េខាង ត្បូង។
លោក ស៊ុត ឌីណា ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូងបានបង្ហោះវីដេអូឃ្លីប ៥ នាទីបង្ហាញពីការចូលខ្លួនរបស់យុវជនជាពលករខ្មែរបីរូបនៅកូរ៉េ បានចេញមុខសារភាពកំហុសស្នើឲ្យរដ្ឋាភិបាលតាមរយៈស្ថានទូតលើកលែង ទោស។
លោក ឌីណា បានរៀបរាប់ថា នេះជាក្រុមអ្នកដែលជេរ និងដុតរូបថតលោក ហ៊ុន សែន កាលពីពីរឆ្នាំមុន និងដែលត្រូវបានក្រុមគណបក្សប្រឆាំងយកមកបង្ហោះឡើងវិញក្នុងន័យ វាយប្រហារថ្ងៃទី ៧ មករា ឆ្នាំ ២០១៦ កន្លងទៅថ្មីៗនេះត្រូវបានរូបលោកសហការជាមួយអាជ្ញាធរ និងភ្នាក់ងារនានាស្វែងរកចាប់ខ្លួនយកមកទទួលខុសត្រូវចំពោះមុខ ច្បាប់។ «ហើយជនពីរនាក់ទៀតដែលពាក់ព័ន្ធខ្ញុំកំពុងចាត់ការឲ្យចេញមក បង្ហាញខ្លួន»។ យុវជនទាំង ៣ នាក់ដែលចេញសារភាពមានឈ្មោះ ជុំ ម៉ារ៉ាឌី ប៊ុន ថន និង អែម រ៉ាត់ មានអាយុជាង ២០ ឆ្នាំពួកគេជាពលករនៅកូរ៉េជាង ៣ ឆ្នាំមកហើយ។
ជុំ ម៉ារ៉ាឌី ម្នាក់ក្នុងចំណោមពលករដែលចេញសារភាពប្រាប់ភ្នំពេញ ប៉ុស្តិ៍ថាពួកគេធ្វើឡើងដោយមិនបានពិចារណាពីសិទ្ធិសេរីភាពក្នុង ការបញ្ចេញមតិធ្វើឲ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំប្រទេស។ «ពួកខ្ញុំសុំទោសពួកយើងធ្វើដូចជ្រុលហើយរិះគន់មែនតែគ្មាន សុជីវធម៌ប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំប្រទេសសូមរដ្ឋាភិបាលកម្ពុជា លើកលែងទោសនឹងអត់ឱន»។
ចំណែកពលករម្នាក់ឈ្មោះ យីម ស៊ីណន ជាសកម្មជនគណបក្សសង្គ្រោះជាតិនៅកូរ៉េបានថ្លែងថាសកម្មភាពរបស់ ឯកអគ្គរាជទូតជាការគំរាមដល់យុវជនផ្សេងទៀតដែលសកម្មក្នុងការ រិះគន់ដល់រដ្ឋាភិបាលព្រោះថ្មីៗនេះលោកនាយករដ្ឋមន្រ្តីមានសកម្មភាព ក្នុងហ្វេសប៊ុកហើយមានការចាប់ខ្លួនយុវជននៅកម្ពុជាម្នាក់ពីបទ ជេរប្រមាថ និងគំរាមសម្លាប់ជាដើម។ «គ្មានអាជ្ញាធរកូរ៉េណាចាប់ខ្លួនយុវជននោះទេសកម្មភាពរបស់ឯកអគ្គ រាជទូតហាក់បីដូចជាមានចេតនាគំរាមសកម្មជនផ្សេងទៀតឲ្យខ្លាចរអា ក្នុងការបញ្ចេញមតិ រិះគន់នឹងរដ្ឋាភិបាលតែពួកយើងមិនខ្លាចនោះទេ»៕ TK
តាមរយះ គេហទំព័រ ភ្នំពេញប៉ុស្តិ៍
ពលករខ្មែរនៅកូរ៉េដុតរូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ ២០១៤ ក្នុងពេលតវ៉ានៅកូរ៉េ។