សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីនៃប្រទេសស្រីលង្កា នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា(Maithripala sirisena) ប្រធានាធិបតីនៃប្រទេសស្រីលង្កា ដែលជំនួបនេះត្រូវបានធ្វើឡើងនៅវិមានសន្តិភាព​ រាជធានីភ្នំពេញ។ ក្នុងជំនួបនោះ ឯកឧត្តម ម៉ៃទ្រីប៉ាឡា បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា គឺមានជាយូរលង់ណាស់មកហើយ គឺជាង១ពាន់ឆ្នាំមកហើយ ហើយទំនាក់ទំនងនេះ គឺមានមូលដ្ឋានលើទស្សនវិជ្ជាខាងពុទ្ធសាសនា និងទំនាក់ទំនងខាងសាសនាផងដែរ ។ ឯកឧត្តម ក៏បានគោរពវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរបស់រាជាណាចក្រកម្ពុជា​ ហើយក៏បានឆ្លៀតឱកាសនោះដែរ ឯកឧត្តមបានសំដែងនូវអំណរអរគុណយ៉ាងខ្លាំង ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានសំដែងនូវមរណទុក្ខចំពោះអំពើភេវរកម្ម ដែលបានវាយប្រហារប្រទេសស្រីលង្កាកន្លងមក។ លើសពីនេះទៅទៀត ឯកឧត្តម ក៏បានគោរពជម្រាបជូនសម្ដេចតេជោផងដែរថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺដើម្បីពង្រីក និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ឯកឧត្តម ក៏បានលើកឡើងពីការធ្វើយ៉ាងណាជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈ ៖ ទី១)វិស័យអប់រំ ទី២)វិស័យវប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម វិស័យអាកាសចរណ៍ស៊ីវិល និងជាពិសេសទៀតជំរុញឱ្យមានការហោះហើរត្រង់មកកាន់កម្ពុជា ឬពីកម្ពុជាទៅប្រទេសស្រីលង្កា ។ ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បាន យល់ស្របទាំងស្រុងចំពោះអ្វីដែល ឯកឧត្តម ម៉ៃទ្រីប៉ាឡា បានលើកឡើងពាក់ព័ន្ធនឹងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ។​ សម្ដេចតេជោ បានផ្ដល់នូវអនុសាសន៍ដល់ភាគីទាំងពីរថា កម្ពុជា និងស្រីលង្កាកន្លងមក គឺបានរក្សានូវទំនាក់ទំនងការទូតបានយ៉ាងល្អហើយ តាមរយៈការចុះហត្ថលេខាលើអនុស្សារណៈកន្លងមកនេះ។ សម្ដេចតេជោ បានស្នើសុំ ឲ្យមានការពិភាក្សាគ្នាឲ្យបានឆាប់ជាទីបំផុត ដើម្បីឲ្យមានការចុះហត្ថលេខាលើអនុស្សរណៈ​ ៖ ១)​ ជំរុញឱ្យមានកិច្ចព្រមព្រៀងគាំពារវិនិយោគរវាងប្រទេសទាំងពីរ ទី២)​ ជំរុញឲ្យមានកិច្ចពិភាក្សា កិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នារវាងប្រទេសទាំងពីរ ក៏ដូចជាជំរុញឲ្យមានកិច្ចព្រមព្រៀងលើវិស័យអាកាសចរណ៍ស៊ីវិលផងដែរ។ លេីសពីនេះទៅទៀត សម្ដេចតេជោក៏បានលើកឡើង ពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិស័យសេដ្ឋកិច្ច និងវិស័យពាណិជ្ជកម្ម , សម្ដេចតេជោក៏បានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺនៅតូចនៅឡើយ ដូច្នេះប្រទេសទាំងពីរ គប្បីពិនិត្យមើលលទ្ធភាពដទៃទៀត ដើម្បីជំរុញឲ្យមានទំហំពាណិជ្ជកម្មកាន់តែធំឡើងថែមទៀត និងវិនិយោគកាន់តែច្រើនឡើងថែមទៀតរវាងប្រទេសទាំងពីរ , ដូចគ្នាផងដែរលើវិស័យទេសចរណ៍ វិស័យសាសនា និងវិស័យអប់រំ។ ពាក់ព័ន្ធវិស័យអប់រំនេះ សម្ដេចតេជោ ហ៊ុន សែន បានសំដែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះប្រទេសស្រីលង្កា ដែលបានជួយបណ្ដុះបណ្ដាលដល់មន្ត្រីកម្ពុជាផង ដល់ព្រះសង្ឃកម្ពុជាផងដែរ ។ លើសពីនោះទៀតសម្ដេចតេជោក៏បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមយ៉ាងសកម្មរបស់ប្រទេសស្រីលង្កា នៅក្នុងវេទិកាអាស៊ាន ដែលជាការចូលរួមចំណែកមួយក្នុងការរក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក របស់យើងនេះផងដែរ៕