សម្តេចតេជោ ហ៊ុន សែន អញ្ជើញវិលត្រឡប់មកដល់កម្ពុជាវិញដោយសុវត្ថិភាព នៅព្រឹកថ្ងៃសៅរ៌ ៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់វិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញប្រកបដោយសុវត្ថិភាពហើយ បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំ «ត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាទីក្រុងហ្សឺណែវ ប្រទេសស្វីស និងការប្រកាសចេញជាផ្លូវការនូវ “យុទ្ឋសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ ហើយនិងបានថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ឋិមនុស្ស UN ប្រកបដោយជោគជ័យបំផុតក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ។ សូមអរគុណបងប្អូនខ្មែរនៅអឺរ៉ុបទាំងអស់ ដែលបានមកទទួលស្វាគមន៍ សម្តេចតេជោនាយករដ្ឋមន្ត្រី យ៉ាងកុះករនៅទីក្រុងហ្សឺណែវដែលបង្ហាញនូវការគោរពស្រឡាញ់ គាំទ្រ និងជឿជាក់ឥតងាករេចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចម្រើនពិតរហូតមកដល់សព្វថ្ងៃ។ សូមជូនពរបងប្អូនជនរួមជាតិទាំងអស់ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕