សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ «ត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩»នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ «ត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩»ដែលបានប្រព្រឹត្តទៅនៅស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO)នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក និងដៃគូស្ថាប័នពាក់ព័ន្ធជាច្រើនទៀតផងដែរ ហើយកិច្ចប្រជុំនេះគឺក្រោមមូលបទ «គាំទ្រពិពិធកម្ម និងការលើកកម្ពស់សេដ្ឋកិច្ច សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន តាមរយៈជំនួយសម្រាប់ពាណិជ្ជកម្ម» ដោយមានគោលបំណងពិនិត្យមើលពីរបៀបដែលជំនួយពាណិជ្ជកម្ម អាចទ្រទ្រង់ប្រកបដោយប្រសិទ្ធភាពដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច»។ ថ្លែងនៅក្នុងឱកាសនោះសម្ដេចតេជោនាយកមន្ត្រីបានអញ្ជើញថ្លែងសន្ទរកថាគន្លឹះដែលមានខ្លឹមសារៈសំខាន់ៗថា៖ សម្តេចពិតជារីករាយ ដែលបានចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ជាពិសេសដើម្បីចែករំលែកអំពីបទពិសោធន៍របស់កម្ពុជាក្នុងការរៀបចំគោលនយោបាយពាណិជ្ជកម្ម និងជោគជ័យនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្រោយពេលដែលកម្ពុជាបានក្លាយជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ ២០០៤ ព្រមទាំងតួនាទីរបស់កម្ពុជានាបច្ចុប្បន្ន និងទៅអនាគតក្នុងការទ្រទ្រង់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី និង ការបន្តរក្សាមាគ៌ាសេរីភាវូបនីយកម្ម ជាសកល ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចតេជោសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះអង្គការពាណិជ្ជកម្មពិភពលោក(WTO) ដែលបានរៀបចំកិច្ចប្រជុំនេះឡើង។ សម្តេចតេជោបានវាយតម្លៃខ្ពស់ចំញេះតួនាទីយ៉ាងសកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោកក្នុងការបង្កើតឱ្យមានវិធាននានាដ៏ពេញលេញ ដែលក្លាយជាមូលដ្ឋានគ្រឹះក្នុងការធ្វើសេរីភាវូបនីយកម្មជាសកល និង សម្រាប់ពាណិជ្ជកម្មពហុភាគី ធានាដល់ស្ថិរភាពនៃលំហូរពាណិជ្ជកម្ម ដោយសេរី រលូន និង ឤចព្យាករណ៍បាន ក៏ដូចជាក្នុងការកៀងគរជំនួយនានា សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចថ្នាក់ជាតិ តំបន់ និង អន្តរជាតិតាមរយៈការៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញនូវជំនួយសម្រាប់ពាណិជ្ជកម្ម ដែលបានប្រព្រឹត្តិទៅចំនួន៦លើករួចមកហើយ ។ ជាមួយគ្នានេះដែរក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កម្ពុជាបានខិតខំបំពេញនូវតួនាទីប្រកបដោយភាពទទួលខុសត្រូវខ្ពស់ តាមរយៈការដាក់ចេញ និងការរៀបចំកម្មវិធីកែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចច្បាប់ បទប្បញ្ញត្តិផ្សេងៗ និងវិធាននានា ដើម្បីឱ្យមានអនុលោមភាពទាំងស្រុងជាមួយបទបញ្ញត្តិអន្តរជាតិ ជាពិសេសឱ្យស្របតាមការសន្យារបស់កម្ពុជា ក្រោមក្របខ័ណ្ឌនៃអង្គការពាណិជ្ជកម្មពិភពលោក ។ ជាមួយនឹងការខិតខំបំពេញកាតព្វកិច្ចជាសមាជិករបស់អង្គការញណិជ្ជកម្មពិភពលោក​ រាជរដ្ឋាភិបាលកម្ពុជាក៏បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី-ពហុបក្ស ខិតខំរក្សាសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកបដោយ ភាពប្រុងប្រយ័ត្ន តាមរយៈការដាក់ចេញ និងអនុវត្តនូវយុទ្ធសាស្ត្រទូលំទូលាយជាឤទិ៍ យុទ្ធសាស្ត្រចតុកោណ ដែលជារបៀបវារៈគោលនយោបាយរួមសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និង យុទ្ធសាស្ត្រតាមវិស័យសំខាន់ៗដទៃទៀត ។ នៅក្នុងវិស័យពាណិជ្ជកម្ម កម្ពុជាបានរៀបចំ និងដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា តាំងពីឆ្នាំ ២០០១ ហើយបានកែលម្អជាបន្តបន្ទាប់ ដើម្បី ឆ្លើយតបទៅនឹង​កម្រិត​នៃការអភិវឌ្ឍរបស់កម្ពុជា ។ ក្នុងឆ្នាំ២០១៩ នេះ កម្ពុជាបានធ្វើបច្ចុប្បន្នភាពលើកទីបី រួចរាល់ជាស្ថាពរ នូវយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ សំដៅឆ្លើយតបទៅនឹងតម្រូវការ​អភិវឌ្ឍរបស់​កម្ពុជា ក៏ដូចជាឆ្លើយតបទៅនឹងបរិការណ៍បច្ចុប្បន្ន និង អនាគត នៃពាណិជ្ជកម្មតំបន់ និងពិភពលោក ។ ជាលទ្ធផលពីកិច្ចខំប្រឹងប្រែងខាងលើ, កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ច ជាមធ្យមប្រចាំឆ្នាំ ក្នុង រង្វង់ ៧,៧% ប្រកបដោយបរិយាប័ន្ន និងសមធម៌, ក្នុងរយៈពេល ២ ទស្សវត្សចុងក្រោយនេះ ។ កម្ពុជាថែមទាំងសម្រេចបាននូវបង្គោលចរជាប្រវត្តិសាស្ត្រ គឺការឆ្លងពីឋានៈប្រទេសមានចំណូលទាប ទៅជាប្រទេស មាន​ចំណូល​មធ្យមកម្រិតទាប ជាផ្លូវការក្នុងឆ្នាំ ២០១៥ ។ សម្រាប់ឆ្នាំ ២០១៨ កន្លងទៅនេះ, អត្រាកំណើន សេដ្ឋកិច្ចកម្ពុជាសម្រេចបាន ៧,៥% និង ត្រូវបានព្យាករណ៍ថា នឹងឤចបន្តរក្សាបាន ក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ សម្រាប់រយៈពេលមធ្យមទៅមុខ ។ អត្រានៃភាពក្រីក្រ បានធ្លាក់ចុះពី ៥៣,២% ក្នុងឆ្នាំ ២០០៤ មកនៅក្រោម ១០% ក្នុងឆ្នាំ ២០១៨ ។ ជាមួយគ្នានេះដែរ, កម្ពុជាបានធ្វើពិពិធកម្ម, ទាំងផលិតផល និង ទីផ្សារ, ដែលក្នុង នោះការនាំចេញរបស់កម្ពុជា បានកើនពី ៥,៧ ប៊ីលានដុល្លារ (ស្មើនឹង ៤០,៥% នៃ ផសស) នៅឆ្នាំ ២០១២ មកដល់ ១៣ ប៊ីលានដុល្លារ (ស្មើនឹង ៥៣,២% នៃ ផសស) នៅឆ្នាំ២០១៨ និងបានធ្វើពិពិធកម្មបន្តិចម្តងៗ ពីការនាំចេញសម្លៀកបំពាក់ទៅកាន់ផលិតផលផ្សេងទៀត ។ដូចគ្នានេះដែរ, គោលដៅនាំចេញត្រូវបានធ្វើ ពិពិធកម្ម ពីការផ្តោតលើទីផ្សារសហរដ្ឋឤមេរិក ទៅផ្តោតលើទៅផ្សារអឺរ៉ុប, ជប៉ុន, តំបន់ឤស៊ាន និងប្រទេសដទៃទៀត ។ សម្តេចតេជោបានសូមវាយតម្លៃខ្ពស់ និង កោតសរសើរដល់អង្គការពាណិជ្ជកម្ម ពិភពលោក ព្រមទាំងដៃគូអភិវឌ្ឍន៍ និង អង្គការអន្តរជាតិនានា ដែលបានកិច្ចសហប្រតិបត្តិការល្អ ក្នុងការចូល រួមចំណែកជួយប្រទេសអភិវឌ្ឍន៍តិចតួច, រួមទាំងកម្ពុជាផងដែរ, ចាប់ផ្តើមតាំងពីការចរចាចូលជាសមាជិកនៃ អង្គការពាណិជ្ជកម្មពិភពលោក រហូតមកដល់បច្ចុប្បន្ននេះ ។ សម្រាប់កម្ពុជា ចក្ខុវិស័យរបស់យើង គឺការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និង ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ ដើម្បីឱ្យកម្ពុជាសម្រេចបាននូវគោល- ដៅនេះ ក៏ដូចជាដើម្បិីជួយដល់ប្រទេសអភិវឌ្ឍន៍តិចតួច ឱ្យឤចចាកចេញពីភាពក្រីក្របានឆាប់រហ័ស ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ ២០៣០ សម្តេចសូមអំពាវនាវដល់បណ្តារដ្ឋជាសមាជិក និងដៃគូអភិវឌ្ឍន៍ទាំងអស់ ពិចារណាផ្តល់ការឧបត្ថម្ភគាំទ្របន្តទៀត តាមវិស័យសំខាន់មួយចំនួន ដូចខាងក្រោម ៖ ១)ការពង្រឹងភាពប្រកួតប្រជែងរបស់បណ្តាប្រទេសអភិវឌ្ឍន៍តិចតួច និងជួយគាំទ្រដល់កម្មវិធី និងដំណើរការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ២)ការបន្ត និងបង្កើនការផ្តល់ភាពអនុគ្រោះនានា តាមរយៈប្រព័ន្ធពាណិជ្ជកម្មពហុភាគី ឬ ឯកតោភាគី ហើយសូមធ្វើការពិចារណាឱ្យបានដិតដល់មុននឹងដាក់វិធានការព្យួរ ឬដកចេញនូវភាពអនុគ្រោះពីប្រទេសអភិវឌ្ឍន៍តិចតួច ញ្រេះការព្យួរ ឬ ដកចេញនេះ នឹងធ្វើឱ្យប្រទេសទាំងនោះ មិនឤចជួយពិភពលោក ឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងមិនឤចជួយពួកគេឱ្យចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចបានឡើយ ដែលចលនានេះ គឺជាដំណើរផ្ទុយទាំងស្រុងទៅនឹងគោលការណ៍របស់អង្គការសហប្រជាជាតិ និង អង្គការពាណិជ្ជកម្មពិភពលោក ។ ៣)ការសាងសមត្ថភាព ដើម្បីទាញយកផលប្រយោជន៍ពីប្រភពកំណើនថ្មី, ជាពិសេស ផ្នែកសេវាកម្ម និង ការទទួលយកបដិវត្តឧស្សាហកម្មទី៤ ដើម្បីទាញយកផលប្រយោជន៍ដែលឤចទទួលបានពីសេដ្ឋកិច្ចឌីជីថល ។ ៤)ការរៀបចំយុទ្ធសាស្ត្រធ្វើពិពិធកម្មសេដ្ឋកិច្ច និង ផលិតផលចម្រុះ សំដៅបង្កើនការនាំចេញ ដែលជាប្រភពចំណូលសម្រាប់លើកកម្ពស់សុខមាលភាព និង ការងារដល់ស្ត្រី ។ ៥)ការតភ្ជាប់គោលនយោបាយ, យុទ្ធសាស្ត្រ និង ចក្ខុវិស័យនានា របស់ប្រទេសអភិវឌ្ឍន៍តិចតួច ជាមួយនឹងការវិវត្តិសេដ្ឋកិច្ចតំបន់ និងពិភពលោក ។ ៦)ការបង្កើតនវានុវត្ត និងជំរុញលើកម្ពស់ការអនុវត្តថ្មីៗ តាមរយៈកៀងគរហិរញ្ញប្បទានបន្ថែម​ពីដៃគូអភិវឌ្ឍន៍ និង វិស័យឯកជន ក្រោមក្របខ័ណ្ឌនៃកិច្ចប្រជុំនេះ និងកិច្ចប្រជុំផ្សេងទៀត ។ ៧)ការបន្តផ្តល់ជំនួយនានា សម្រាប់ការកែទម្រង់ និង សម្រាប់ការគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្ម, ពិសេសលើការងារកែទម្រង់លិខិតបទដ្ឋានគតិយុត្តិនានា ។ នៅក្នុងឪកាសនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រកាសដាក់ឱ្យប្រើប្រាស់ យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជាឆ្នាំ២០១៩-២០២៣ ចាប់ពីថ្ងៃនេះតទៅ និងប្រកាសបើកកម្មវិធី ការត្រួតពិនិត្យឡើងវិញជាសកល-លើកទី៧ស្តីពីជំនួយសម្រាប់ពាណិជ្ជកម្ម២០១៩ ជាផ្លូវការ ចាប់ពីពេលនេះតទៅ៕