សម្តេចតេជោ ហ៊ុន សែន អញ្ជើញមកដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ប្រកបដោយសុវត្តិភាព នៅម៉ោងប្រមាណ ១៦:៥៥នាទី ម៉ោងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស (Geneva, Switzerland) ត្រូវនឹងម៉ោង២១:៥៥យប់ ម៉ោងនៅទីក្រុងភ្នំពេញ នារាត្រីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់ដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ប្រកបដោយសុវត្ថិភាពហើយ ដើម្បីចូលរួមកិច្ចប្រជុំ «ត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO)។ វត្តមាននៃការអញ្ជើញដល់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងហ្សឺណែវ ប្រទេសស្វីស គឺមានការទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសំណាក់ថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលប្រទេសស្វីស និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវប្រទេសស្វីសជាច្រើនរូបផងដែរ។ ក្រៅពីកិច្ចប្រជុំខាងលើ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំជាទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលនឹងផ្តល់សារៈសំខាន់ និងច្បាស់លាស់មួយ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មោះមុត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ជាមួយគ្នានោះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញជួបពិភាក្សាការងារជាមួយឥស្សរជនសំខាន់ៗជាច្រើនរូប វិនិយោគិន ព្រមទាំងជួបជាមួយសហគមន៍ខ្មែរនៅស្វីស និងអ៊ឺរ៉ុបជាច្រើនក្រុមទៀតផង៕