សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីផ្ទេរសាលាពិការគថ្លង់នៃអង្គការគ្រួសារថ្មីមកក្រោមឱវាទរបស់ក្រសួងអប់រំយុវជន និងកីឡា នៅព្រឹកថ្ងៃចន្ទ ១៤ រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីផ្ទេរការគ្រប់គ្រងសាលាពិការគថ្លង់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡាវិញ។ នៅក្នុងឱកាសនេះដែរ សម្តេចទាំងទ្វេក៏បានអញ្ជើញរៀបចំអាហារផ្តល់ជូនកូនក្មួយសិស្សានុសិស្សមកពីសាលាកុមារពិការភ្នែក និងគ ថ្លង់នៃអង្គការគ្រួសារថ្មី៨៩៦នាក់ផងដែរ។ សូមបញ្ជាក់ផងដែរថា សាលាកុមារពិការភ្នែក និងគ ថ្លង់នៃអង្គការគ្រួសារថ្មី ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៩១ ដោយមានឈ្មោះថា «មជ្ឈមណ្ឌលជាតិ អប់រំជនពិការភ្នែក និងគ ថ្លង់»។ មជ្ឈមណ្ឌលនេះ ក៏ជាកន្លែងបណ្តុះបណ្តាលគ្រូបង្រៀនជនពិការភ្នែក និងគ ថ្លង់ និងសម្រាប់ជាទីតាំងបោះពុម្ភផ្សាយ ផលិតសម្ភារៈសិក្សារបស់ជនពិការភ្នែក និងគ ថ្លង់ផងដែរ។ ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ កម្មវិធីអប់រំកុមារពិការភ្នែក និងកុមារគ ថ្លង់ បានដំណើរការ និងមានការអភិវឌ្ឍជានិច្ច ដោយសារការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែបានផ្ដល់ជំនួយឧបត្ថម្ភដ៏ថ្លៃថ្លាជាច្រើនរួមទាំងជំនួយមូលនិធិដល់អង្គការគ្រួសារថ្មីសម្រាប់ដំណើរការកម្មវិធីជាច្រើនជារៀងរហូតមក។ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបង្ហាញនូវក្តីសោមនស្សរីករាយដែលមានឱកាសបានមកជួបកូនក្មួយដោយផ្ទាល់នៅថ្ងៃនេះ មុនពេលសម្តេចអញ្ជើញចេញដំណើរទៅប្រទេសស្វីសនៅថ្ងៃស្អែក។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩៥ ពោលគឺក្រោយពីព្រះមហាក្សត្របានយាងសម្ពោធដាក់អោយដំណើរការនៃអង្គការគ្រួសារថ្មីមក គឺពេលនេះមានរយៈពេល២៤ឆ្នាំហើយ។ ហើយក្នុងរយៈពេល២៤ឆ្នាំកន្លងមកនេះ សម្តេចតេជោតែងតែយកចិត្តទុកដាក់មិនភ្លេចម្តងណាទេចំពោះសុខទុកក្មួយៗ ចៅៗ ដែលទទួលបានការមើលថែទាំង និងការអប់រំបណ្តុះបណ្តាលនៅទីនេះ។ ជារៀងរាល់ឆ្នាំ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែមកជួបជាមួយកូនក្មួយ និងចៅៗនៅទីនេះ២ដងក្នុង១ឆ្នាំ ដែលកន្លងមកបានចំណោយថវិការអស់ប្រមាណជាង ២៤៧,៦២៥ ដុល្លារផងដែរ សំរាប់ឧបត្ថម្ភគាំទ្រចំពោះជីវភាពរស់នៅរបស់ក្មួយៗ និងចៅៗនៅក្នុងមណ្ឌលនេះផ្ទាល់តែម្តង។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការគ្រួសារថ្មី ដែលកន្លងមកបានយកចិត្តទុកដាក់ចំពោះកុមារកម្ពុជា ជាពិសេសកុមារពិការភ្នែក និងគ ថ្លង់ អោយទទួលបានការសិក្សាអប់រំរៀនសូត្រ ការហ្វឹកហ្វឺនជំនាញនានា និងការឧបត្ថម្ភគាំទ្រផ្សេងៗជាច្រើនទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណផងដែរចំពោះ ក្រសួងអបរំយុវជន និងកីឡា ដែលបានទទួលយកនូវសាលាហ្វឹកហ្វឺនពិសេសពីអង្គការគ្រួសារថ្មីដាក់នៅក្រោមការគ្រប់គ្រងរបស់រដ្ឋវិញ។ ដែលនឹងមានប្រយោជន៍កាន់តែច្រើន និងទូលំទូលាយនៅទូទាំងប្រទេស។ សម្តេចតេជោ ហ៊ុន សែន បានបន្តជំរុញអោយគ្រប់ស្ថានីយទូរទស្សន៍នៅក្នុងប្រទេសកម្ពុជា រៀបចំការផ្សាយព័ត៌ដែលអាចអោយកុមារពិការគថ្លង់មានឱកាសទទួលព័ត៌មានបានដូចជាពលរដ្ឋដទៃ ព្រោះនេះជាសិទ្ឋិមួយរបស់កុមារនិងពលរដ្ឋពិការផងដែរ។ ដោយមើលឃើញពីតម្រូវការចាំបាច់និងជាក់ស្តែងនៅទីនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើអោយរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងអភិបាលក្រុងភ្នំពេញត្រូវរៀបចំសាងសង់អគារបន្ថែមសំរាប់វិទ្យាស្ថានអប់រំពិសេសនេះមានកំពស់៤ជាន់ សំរាប់បណ្តុះបណ្តាលធនធានមនុស្សនៅទីនេះអោយកាន់តែល្អប្រសើរថែមទៀត។ នៅថ្ងៃនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដោយក្តីមោទន ដែលកម្ពុជាបានអនុវត្តនូវក្របខណ្ឌគោលនយោបាលគាំពារសង្គមតាមរយៈការប្រើប្រាស់នូវបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) ជាពិសេសស ថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានដាក់អោយអនុវត្តគោលនយោបាយផ្តល់សាច់ប្រាក់ដល់ស្ត្រីក្រីក្រ ស្រ្តីមានផ្ទៃពោះ និងស្រ្តីពេលសំរាលកូនហើយរហូតដល់កូនបានអាយុ២ឆ្នាំ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋក្រីក្រអោយបានធូរស្រាលមួយកម្រិត។ ក្នុងឱកាសដ៏ថ្លៃថ្លានេះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភជាថវិកាលើកទឹកចិត្តដល់កុមារ គ ថ្លង់ ចំនួន ៨៩៦ នាក់ ដោយម្នាក់ៗទទួលបាន ឃីត១កញ្ចប់ និងថវិកា៥ម៉ឺនរៀល និង លោកគ្រូអ្នកគ្រូចំនួន ២៦៥ ទទួលបានឃីត ១កញ្ចប់ និងថវិកា១០ម៉ឺនរៀល។ ទន្ទឹមនឹងនេះដែរ សម្រាប់សាលាកុមារពិការភ្នែក និង គ ថ្លង់ ខេត្តបាត់ដំបង , ច្បារអំពៅ , ខេត្តសៀមរាប និង ខេត្តកំពង់ចាម គឺក្នុង១សាលាទទួលបាននូវគ្រឿងឧបភោគបរិភោគ សំភារៈប្រើប្រាស់ និងថវិការ៥លានរៀល។ ចំណែកឯវិទ្យាស្ថានជាតិអប់រំពិសេសនេះ ទទួលបានថវិការ១០លានរៀល។ ក្រោយពីប្រគល់ថវិកា និងបរិក្ខារឧបត្ថម្ភនេះហើយ សម្តេចតេជោនាយករដ្ឋមន្រ្តី បានប្រគល់មេដាយឥស្សរិយយសដល់បុគ្គលិក និងមន្រ្តីឆ្នើមដែលបានចូលរួមនៅក្នុងសកម្មភាពមនុស្សធម៍រហូតបានសម្រេចរូបរាងកាន់តែល្អប្រសើរសម្រាប់សង្គមជាតិ។ បន្ទាប់មក សម្តេចទាំងទ្វេបានអញ្ជើញដើរសួរសុខទុក្ខកូនក្មួយពិការដែលកំពុងញាំអាហារនៅតាមតុ ហើយបានថតរូបអនុស្សាវរីយ៍ជាមួយកូនក្មួយក្នុងបរិយាកាសរីករាយនិងស្និទ្ឋស្នាលក្រៃលែង។ មានសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេស កូនក្មួយពិការមានការកក់ក្តៅខ្លាំងបំផុត៕