សុខប្បាយជាទេបងប្អូនជនរួមជាតិ? ខ្ញុំសូមឆ្លៀតឱកាសនេះ អរគុណជាថ្មីម្តងទៀត ដល់កាកបាទក្រហមកម្ពុជា សមាគម អង្គការ ម្ចាស់ក្រុមហ៊ុន និងសប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកា ជួយដល់បងប្អូនរងគ្រោះដោយអគារបាក់រលំនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ២២ មិថុនា ២០១៩។ តាមការអំពាវនាវរបស់ខ្ញុំកន្លងមក គឺយើងបានទទួលមូលនិធិជាងពីរលានដុល្លារ ហើយកំពុងរៀបចំចាត់ចែងផ្តល់ជូនទៅពលរដ្ឋរងគ្រោះ គឺទាំងអ្នករងរបួស និងក្រុមគ្រួសារសព។ ការបរិច្ចាគទានរបស់បងប្អូន នឹងជួយជីវិតអ្នកដែលនៅរស់ រួមទាំងក្រុមគ្រួសាររបស់សព អាចមានលទ្ឋភាពកសាងជីវភាពរស់នៅបានល្អប្រសើរ។ អរគុណដល់បងប្អូនជនរួមជាតិទាំងអស់ រួមទាំងអាជ្ញាធរ​ កងកម្លាំងសមត្ថកិច្ច​ និងអ្នកស្ម័គ្រចិត្តដែលបានចូលរួមទាំងកម្លាំងកាយ កម្លាំងចិត្ត និងថវិកាជួយដល់ពលរដ្ឋយើងនៅក្នុងស្ថានភាពដ៏លំបាកនេះ។ សូមជូនពរបងប្អូន ជួបតែសេចក្តីសុខ សំណាងល្អ និងបានសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍គ្រប់ៗគ្នា៕