សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបអនុប្រធានសភាប្រឹក្សាប្រជាជនចិន នៅព្រឹកថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩នេះ បន្ទាប់ពីបានអញ្ជើញជួបជាមួយ លោក អគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជាដែលផុតអាណត្តិបេសកកម្មរួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារបន្តជាមួយ លោក Wang Gang អនុប្រធានសភាប្រឹក្សាប្រជាជនចិន និង ជាអតីតរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន។ នៅក្នុងជំនួបទី២នេះ លោក Wang Gang បានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំងដែលមានឱកាសបានជួបសម្ដេចតេជោជាលើកទី២នៅកម្ពុជាផ្ទាល់តែម្តង ដែលជំនួបលើកលើទី១ គឺនៅក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ប្រទេសចិនកាលពីខែមករាកន្លងមក។ លោក Wang Gang បានគោរពជម្រាបជូន សម្ដេចតេជោថា នេះជាលើកទី១ហើយ ដែលលោកបានមកកាន់ប្រទេសកម្ពុជា។ លោកពេញចិត្ត និងរីករាយយ៉ាងខ្លាំងដែលបានឃើញកម្ពុជាមានការរីកចម្រើន ជាមួយស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរឹងមាំល្អ នៅក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន។ ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជានៅពេលនេះ គឺមានគោលបំណងសំខាន់២គឺទី១គឺដើម្បីចូលជួបសំដែងការគួរសមជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្រ្តី និងទី២ គឺដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ លោក Wang Gang បានបញ្ជាក់ប្រាប់សម្តេចតេជោថា សម្តេចគឺជាថ្នាក់ដឹកនាំដែលទទួលបានការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតអំពីរដ្ឋាភិបាល និងប្រជាជនចិន។ កម្ពុជាគឺជាបងប្អូន និងជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយរបស់ប្រទេសចិន។ មិត្តចិនបានអរគុណដល់កម្ពុជាដែលបានជួយផ្សាភ្ជាប់នូវទំនាក់ទំនងដ៏ល្អរវាងចិននិងសហគមន៍អាស៊ានផងដែរ ហើយនឹងការជួយជ្រោមជ្រែងដល់ដំណោះស្រាយដោយសន្តិភាពលើបញ្ហាសមុទ្រចិនខាងត្បូង។ សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះការលើកឡើងរបស់ លោក Wang Gang ហើយក៏មានប្រសាសន៍ថាកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា គឺចាំបាច់ត្រូវការធនធានមនុស្ស ការស្រាវជ្រាវ និងជំរុញការអភិវឌ្ឍក្នុងយុគសម័យឌីជីថល ឬក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី៤ នេះ ដែលចាំបាច់ណាស់ត្រូវមានការសិក្សាការស្រាវជ្រាវ ។ សំរាប់ប្រទេសកម្ពុជា ក៏បានប្រើប្រាស់បច្ចេកវិទ្យានិងវិទ្យាសាស្ត្រនេះផងដែរ ក្នុងន័យនេះសម្ដេចតេជោបានជម្រាបជូន លោក Wang Gang កម្ពុជាកំពុងតែតម្រង់ទិសរបស់ខ្លួនដើម្បីធ្វើយ៉ាងណាឲ្យសម្របស្របទៅតាមចរន្តនៃយុគសម័យឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី៤ ដែលត្រូវការបណ្ដុះបណ្ដាលធនធានមនុស្សអោយបានកាន់តែច្រើនលើវិស័យនេះ។ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានស្នើសុំឲ្យភាគីចិនជួយសហការបណ្ដុះបណ្ដាលធនធានមនុស្ស និង សហការជាមួយនឹងរាជបណ្ឌិត្យសភាកម្ពុជា ក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជាផងដែរ ដើម្បីជំរុញវិស័យនេះអោយកាន់តែរីកចម្រើនទៅមុខ។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានជូនពរលោក Wang Gang ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា និងបានផ្តាំផ្ញើសួរសុខទុក្ខ លោកប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) និង លោកនាយករដ្ឋមន្រ្តី លី គឺឈាង (Li Keqiang) ហើយសម្តេចតេជោបានបញ្ជាក់ថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរគឺរឹងមាំដូចដែកថែប ដែលប្រទេសយើងបន្តគាំទ្រ និងជួយគ្នាទៅវិញទៅមកដូចជាបងប្អូន៕