សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយអនុប្រធានធនាគារ Mizuho នៅព្រឹកថ្ងៃទី២៩ ខែឧសភា​ ដដែលនេះ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយនឹងប្រធានអង្គការ JETROហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តជួបពិភាក្សាការងារជាមួយលោក សេជី អ៊ីម៉ៃ Seiji Imai ប្រធានផ្នែកសាជីវកម្មទូទាំងសាកលលោករបស់មីហ្ស ហ្វាយនែន និងជាអនុប្រធានធនាគារមីហ៊្សូហូ។ នៅក្នុងជំនួបនោះផងដែរ​ លោកអនុប្រធានធនាគារ ក៏បានអរគុណសម្តេចដែលឲ្យរូបលោកផ្ទាល់ និងសហការីចូលជួបសំដែងការគួរសមនាពេលនេះ។ លោកបានជម្រាបសួរជូនសម្ដេចថានៅឆ្នាំ២០១៣ ក្រុមហ៊ុនរបស់លោកបានសម្រេចក្នុងការបង្កើតការិយាល័យរបស់ខ្លួននៅក្នុងទីក្រុងភ្នំពេញ ហើយនៅឆ្នាំ២០១៧ ក្រុមហ៊ុនរបស់លោកបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាក្នុងការបើកធនាគារមីហ៊្សូហូក្នុងរាជធានីភ្នំពេញតែម្ដង។ លោកក៏បានជម្រាបថារហូតមកដល់ពេលនេះ ធនាគាររបស់លោកបានប្រតិបត្តិការពីរឆ្នាំមកហើយ ដូច្នេះលោកបានគូសបញ្ជាក់ថាគាត់ពិតជាមានឆន្ទៈខ្ពស់ក្នុងការជំរុញធ្វើយ៉ាងម៉េចឲ្យភ្ញៀវរបស់ធនាគារ ជាពិសេសពីប្រទេសជប៉ុនទៅបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជាផងដែរហើយនៅក្នុងថ្ងៃនេះ គឺលោកនឹងខិតខំលើកទឹកចិត្តដល់ភ្ញៀវដទៃទៀតឲ្យទៅប្រទេសកម្ពុជាដើម្បីដាក់ទុនក្នុងប្រទេសកម្ពុជាផងដែរ។ លោកក៏បានគូសបញ្ជាក់ផងដែរថា ធនាគាររបស់លោកនឹងចាប់ផ្ដើមធ្វើការពីទីក្រុងតូក្យូទៅទីក្រុងភ្នំពេញតែម្ដងដោយមិនឆ្លងកាត់ទីក្រុងបាងកកនោះទេ។ លោកបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការសហការរៀបចំក្នុងសិក្ខាសាលាកាលពីព្រឹកមិញនេះ ដែលបានធ្វើអោយអ្នកវិនិយោគមកពីប្រទេសជប៉ុនចាប់អារម្មណ៍យ៉ាងខ្លាំងពីបរិយាកាសវិនិយោគក្នុងប្រទេសកម្ពុជា ជាពិសេសប្រសាសន៍សំខាន់របស់សម្តេចតេជោ។ លោក សេជី អ៊ីម៉ៃ បានមានប្រសាសន៍ថា អ្នកវិនិយោគជប៉ុន មានការចាប់អារម្មណ៍ប្រទេសកម្ពុជាច្រើន ហើយជាពិសេសអ្នកវិនិយោគមួយចំនួនក៏បានឥណទានពីធនាគាររបស់គាត់ផងដែរ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ស្វាគមន៍ និងចង់ឲ្យធនាគារនេះមានការបណ្ដាក់ទុនដោយធ្វើការផ្ទាល់ពីទីក្រុងតូក្យូទៅទីក្រុងភ្នំពេញដោយមិនបាច់ឆ្លងកាត់ទីក្រុងបាងកកប្រទេសថៃនោះទេ។ សម្តេចតេជោបានមានប្រសាសន៍សម្ដេចបានសម្រេចមកប្រទេសជប៉ុននេះមុខមួយថ្ងៃនៃសន្និសីទអន្តរជាតិទី២៥ស្តីពីអនាគតអាស៊ីដើម្បីចូលរួមក្នុងសិក្ខាសាលាដែលមានសារៈសំខាន់នេះ។ សម្តេចតេជោ​ បានគេចាត់ទុកថាជាការជោគជ័យមិនត្រឹមតែជាមួយប្រទេសចិន ជាមួយកូរ៉េនោះទេគឺក៏ជាជប៉ុនផងដែរ។ សម្តេចតេជោបានមានប្រសាសន៍ថា ប្រទេសជប៉ុននៅតែមានសក្កានុពលច្រើនបន្ថែមទៀតដូច្នេះហើយសូមឲ្យធនាគារបន្តផ្ដល់ឥណទានដល់ក្រុមហ៊ុនដែលអាចវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសក្រុមហ៊ុនដែលផលិត​ និងកែច្នៃផលិតផលវត្ថុធាតុដើមរបស់ប្រទេសកម្ពុជាក្នុងការនាំចេញទៅកាន់ប្រទេសជប៉ុន ដែលនេះគឺជាអ្វីដែលសម្ដេចចង់ឃើញឲ្យមានការនាំចេញឲ្យបានច្រើនពីផលិតផលរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុន។ លោកអនុប្រធានធនាគារបានបន្តថា បច្ចុប្បន្ននេះគាត់កំពុងខិតខំជំរុញធ្វើយ៉ាងណាឱ្យវិនិយោគជប៉ុនបន្តមិនដាក់ទុនក្នុងប្រទេសកម្ពុជាបានច្រើនជាងមុនជាពិសេសនឹងខិតខំជំរុញឲ្យសហគ្រាសតូច និងមធ្យមពីប្រទេសជប៉ុនទៅបន្តបណ្ដាក់ទុនក្នុងប្រទេសកម្ពុជានាពេលខាងមុខ។ ជាចុងក្រោយសម្តេចតេជោ ក៏បានអរគុណហើយគាំទ្រនូវគោលជំហរនេះ ដែលប្រទេសយើងទាំងពីរនឹងធ្វើដំណើរទៅមុខជាមួយគ្នា ហើយកម្ពុជានឹងក្សាសន្តិសុខ សុវត្ថិភាព ជាពិសេសបង្កើនការប្រកួតប្រជែងតែម្ដង៕