សម្ដេចតេជោហ៊ុនសែនអញ្ជើញជួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិថ្មីនៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO) នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ​ នៅក្នុងឱកាសអញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី២៥ ស្ដីអំពីអនាគតអាស៊ី នៅប្រទេសជប៉ុននោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក​ ណូប៊ីហ៊ីកូ សាសាគី (Nbuhiko Sasaki )ប្រធាន និងជានាយកប្រតិបត្តិថ្មីនៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO)។ ក្នុងជំនួបនោះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍ លោកជានាយកប្រតិបត្តិថ្មីនៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO) ដោយសម្តេចបានគូសបញ្ជាក់ថា សម្តេចពិតជារីករាយដែលបានចូលក្នុងសកម្មភាពមួយចំនួននៅទីក្រុងតូក្យូប្រទេសជប៉ុននេះ ជាពិសេសក្នុងឱកាសសម្ដេចអញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី២៥ស្ដីពី​ "អនាគតអាស៊ី​"​ នេះ។ លោក ណូប៊ីហ៊ីកូ សាសាគី ក៏បានអរគុណចំពោះសម្តេចតេជោផងដែរដែលបានអនុញ្ញាតឲ្យលោក​ និងក្រុមការងាររបស់លោកបានជួបសម្តែងការគួរសមនាពេលនេះ។​ លោកក៏បានអរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា(CDC)ដែលបានរៀបចំក្នុងវេទិកាវិនិយោគកម្ពុជា។ ពាក់ព័ន្ធនឹងការងារមួយចំនួនលោកក៏បានអរគុណដល់សម្ដេចតេជោ ដែលបានកែសម្រួលបរិយាកាសនៃការធ្វើពាណិជ្ជកម្មនៅកម្ពុជា ដែលការកែសម្រួលទាំងអស់នោះគឺបានចំណេញពេលវេលាច្រើន ដោយសារការកាត់បន្ថយនូវការត្រួតពិនិត្យកាំកុងត្រូល និងថ្លៃសេវាផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះ លោកបានចាត់ទុកថាភាគីជប៉ុនពិតជារីករាយក្នុងការមកធ្វើពាណិជ្ជកម្មក្នុងប្រទេសកម្ពុជាជាពិសេសការធ្វើលើវិស័យដឹកជញ្ជូននេះ។ លោកបន្តថា ការបើកការិយាល័យនៅកម្ពុជាក្នុងឆ្នាំ២០១០ ដែលពេលនោះមានតែក្រុមហ៊ុន៤៥ទេ ប៉ុន្តែរហូតមកដល់ពេលនេះតាមការកត់ត្រារបស់អង្គការ JETRO​ កើនឡើងរហូតដល់២១៦ក្រុមហ៊ុន។ លោក ណូប៊ីហ៊ីកូ សាសាគី​ ក៏បានមានប្រសាសន៍ជំរាបទៅសម្ដេចតេជោថា លោកមានផែនការក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ផងដែរ ជាពិសេសលោកផ្ទាល់ និងឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងធ្វើការជាមួយគ្នា ហើយនឹងចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាដើម្បីជួយសម្រួលដល់ការវិនិយោគពីបណ្ដាក្រុមហ៊ុនជប៉ុនផងដែរជាពិសេសដើម្បីជំរុញបរិយាកាសវិនិយោគឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត។ លោក ណូប៊ីហ៊ីកូ សាសាគី ក៏បានជម្រាបជូនសម្តេចតេជោថាកាលពីខែមិនា ឆ្នាំ២០១៩នោះ ជាអ្វីដែលអង្គការ JETRO បានទទួលបាននោះគឺនៅពេលដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីបានដឹកនាំនៃវេទិការដ្ឋាភិបាល និងវិស័យឯកជនដែលបានកើតនូវបរិយាកាសវិនិយោគដ៏ល្អ។ លោកក៏បានអរគុណដល់សម្ដេចតេជោដែលបានដាក់ចេញនូវវិធានការជាច្រើនរហូតដល់៧ចំណុចធំៗដើម្បីបង្កើនក៏ដូចជាកែសម្រួលកែលម្អដល់ឱកាសបរិយាកាសវិនិយោគ ធ្វើឲ្យការវិនិយោគនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ។ លើសពីនោះលោកក៏បានជម្រាបថាលោកនឹងធ្វើការសិក្សាអំពីពីការវិនិយោគនៅតំបន់អាស៊ាន។ ជាការឆ្លើយតប​ សម្ដេចតេជោនាយករដ្ឋមន្ត្រី​ ក៏បានអរគុណចំពោះចំណុចល្អៗដែលលោកប្រធានអង្គការ JETRO បានលើកឡើង។​ សម្តេចបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកតួនាទីវិស័យឯកជនជាផ្នែកមួយសំខាន់ មិនត្រឹមតែនៅប្រទេសកម្ពុជាទេ គឺខាងក្រៅប្រទេសផងដែរ។ សម្ដេចបានមានប្រសាស៍អរគុណចំពោះមិត្តជប៉ុន ក៏ដូចជាអង្គការ JETRO ដែលបានទទួលយកមកកែសម្រួលនេះ ជាពិសេសការរំលាយកាំសាប ការរំលាយកាំកុងត្រូលតែម្ដង ហើយសម្រេចគាំទ្រការចុះអនុសារណៈរវាង CDC ជាមួយអង្គការ JETRO ដើម្បីធ្វើការជាមួយគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការជាពិសេសធ្វើយ៉ាងណាជំរុញឲ្យភាគីជប៉ុនមកបណ្ដាក់ទុននៅប្រទេសកម្ពុជាអោយច្រើនបន្ថែទៀត។ សម្ដេចតេជោនាយករដ្ឋមន្ត្រីនៅតែអំពាវនាវឲ្យ អង្គការ JETRO បន្តជួយសម្របសម្រួលជាពិសេសជំរុញធ្វើយ៉ាងម៉េចឲ្យក្រុមហ៊ុនជប៉ុននៅតែបង្កើតការវិនិយោគនៅប្រទេសកម្ពុជាជាពិសេសនាំកសិផលពីប្រទេសកម្ពុជាមកទីផ្សារជប៉ុន។ សម្តេចបានគូសបញ្ជាក់ថាបច្ចុប្បន្ននេះ ទំហំពាណិជ្ជកម្មទ្វេភាគីបានឡើងដល់ជាង២ពាន់លានដុល្លារ ហើយ ក្នុងនោះប្រទេសកម្ពុជានាំចូលទៅទីផ្សារជប៉ុនមានជាង១៦០០លានដុល្លារ ហើយជប៉ុននាំទៅកម្ពុជាវិញមានតែ៩០០លានប៉ុណ្ណោះទេ។ សម្តេចតេជោក៏ ជំរុញបន្ថែមទៀតក្នុងការនាំចូលផលិតផលកសិផលរបស់កម្ពុជាជាពិសេសនូវវត្ថុធាតុដើមកែច្នៃពីកម្ពុជានាំចេញទៅប្រទេសជប៉ុន។ សម្តេចបន្តថា រាជរដ្ឋាភិបាលកម្ពុជា នឹងជំរុញធ្វើយ៉ាងណាឲ្យមានការចរចារវាងប្រទេសកម្ពុជា និងប្រទេសជប៉ុនក្នុងការធ្វើយ៉ាងណាឲ្យមានកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នាដែលជាចំណុចសំខាន់សំរាប់អ្នកវិនិយោគ និងទី២ពាក់ព័ន្ធទៅនឹងពន្ធកាត់ទុកមួយភាគរយនេះ សម្តេចនឹងពិចារណាក្នុងការលុបចោល។ លោកប្រធាន JETRO ក៏បានអរគុណសម្ដេចតេជោដែលបានផ្ដល់អនុសាសន៍ល្អៗ ជាពិសេសពិតជារីករាយក្នុងការបន្តធ្វើការងារដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ៕