សម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់ទីក្រុងតូក្យូ ប្រទេសជប៉ុន ប្រកបដោយសុវត្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រុមវិនិយោគរបស់ប្រទេសកម្ពុជា សរុបប្រមាណ ៤៦រូប បានអញ្ជើញទៅដល់ទីក្រុងតូក្យូ ប្រទេសជប៉ុន ប្រកបដោយសុវត្តិភាព ដើម្បីចូលរួម សន្និ​សីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ី ដែលនឹងប្រារព្វធ្វើឡើងពីថ្ងៃទី២៩ ដល់​ថ្ងៃ​ទី​៣១ឧសភា។ យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជាជើងហោះហើរលេខ ០០១ បានធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិហានេដា ទីក្រុងតូក្យូ ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង១៦និង១០នាទីរសៀល ម៉ោងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ត្រូវនឹងម៉ោង១៤​និង១០នាទី ម៉ោងនៅ​រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ វត្តមាននៃការអញ្ជើញដល់របស់ សម្តេច​តេ​ជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ច​ស្វាគមន៍យ៉ាងស្និទ្ធស្នាល និងកក់ក្តៅបំផុត ពីលោកជំទាវអនុរដ្ឋមន្រ្តីការបរទេសជប៉ុន ឯកឧត្តម​ប្រធានពិធីការក្រសួងការ​បរទេសជប៉ុន ឯកឧត្តម ឯកអគ្គរាជទូតវិសាមញ និងពេញ​សមត្ថភាព របស់ព្រះ​រា​ជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជន​ជាន់​ខ្ពស់ក្រសួងការបរទេសជប៉ុន និងឥស្សរជនការទូត របស់ព្រះរាជា​ណាចក្រកម្ពុជា ប្រចាំប្រទេស​ជប៉ុន ជាច្រើនរូប។ តាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោ នាយករដ្ឋមន្រ្តី នឹង​អញ្ជើញ​ថ្លែងសុន្ទរក​ថាគន្លឹះ ក្នុងសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគត​អាស៊ី លើមូលបទ ការស្វែងរកសណ្តាប់ធ្នាប់ពិភពលោកថ្មី ការជម្នះភាពវឹកវរ ព្រមទាំងការចែក រំលែកទស្សនះវិស័យលើបរិបទ សាកលលោកបច្ចុប្បន្ន ចក្ខុវិស័យនាពេលអនាគត មាគ៌ាឆ្ពោះ​ទៅមុខ និងការប្តេជ្ញាចិត្តរួមចំណែករបស់កម្ពុជា ក្នុងការលើកកម្ពស់ភាពសុខដុម សន្តិភាព និង​វិបុលភាពរួម នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក និងក្នុងពិភពលោក។ ជាមួយគ្នានេះ សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា ដែល​សហការ​រៀប​ចំដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អង្គការពាណិជ្ជកម្មក្រៅ ប្រទេស ជប៉ុន (JETRO) និង​ធនាគារមីហ្សុហូ (Mizuho)៕