សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដល់ទីក្រុងបាងកក ប្រទេសថៃ ប្រកបដោយសុវត្ថិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងគណៈ​ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់រាជធានីបាងកក ព្រះរាជាណាចក្រថៃ ប្រកបដោយសុវត្តិភាពហើយ ដើម្បីអញ្ជើញចូលរួមសន្និបាតប្រចាំឆ្នាំលើកទី៧៥ របស់គណៈកម្មាធិការសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វីក (UN-ESCAP) ក្រោមបូលបទ «ការផ្តល់សិទ្ធអំណាចជូនប្រជាជន និងការធានានូវបរិយាប័ន្នភាព និង​សមភាព» ដែលនឹងប្រារព្វធ្វើឡើងនៅថ្ងៃទី២៧ឧសភានេះ។ យន្តហោះពិសេសរបស់​ព្រះរាជា​ណា​ចក្រកម្ពុជា ជើងហោះហើរលេខ ០០១ បានធ្វើការចុះចតប្រកបដោយសុវត្តិភាព នៅអាកាស​យានដ្ឋានអន្តរជាតិដងមឿង រាជធានៅបាងកក ក្រោមវត្តមាននៃការទទួលបដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាងកក់ក្តៅបំផុត ពីឯកឧត្តមតំណាងក្រសួងការបរទេសថៃ ឯកឧត្តមតំណាង UN-ESCAP ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព របស់​ព្រះរា​ជា​ណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជន​ជាន់ខ្ពស់រាជរដ្ឋាភិបាលថៃ តំណាងគណៈកម្មាធិការសេដ្ឋកិច្ច និងសង្គម របស់អង្គការ​សហប្រជា​ជាតិ និងឥស្សរជនការទូត របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ ជាច្រើនរូបទៀត។ ​​សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថា​គន្លឹះទៅកាន់ សន្និបាតប្រចាំឆ្នាំលើកទី៧៥ របស់គណៈកម្មាធិការសេដ្ឋកិច្ច និងសង្គម នៃអង្គការ​សហប្រជាជាតិ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វីក (UN-ESCAP) ក្រោមមូលបទ «ការផ្តល់សិទ្ធ​អំណាចជូនប្រជាជន និងការធានា​នូវបរិយាប័ន្នភាព និងសមភាព»៕