សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមសន្និបាត UN-ESCAP នៅប្រទេសថៃ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញទៅចូលរួមក្នុងសន្និបាតប្រចាំឆ្នាំរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) លើកទី៧៥ នៅទីក្រុងបាងកក ប្រទេសថៃ។ សន្និបាតប្រចាំឆ្នាំរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) លើកទី៧៥ ធ្វើឡើងក្រោមប្រធានបទ «ការផ្តល់សិទ្ធិអំណាចប្រជាជន និងការធានានូវបរិយាប័ន្ន និងសមភាព» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។ សន្និបាតប្រចាំឆ្នាំនេះ នឹងមានការយាងចូលរួមពីម្ចាស់ក្សត្រី មហាចក្រី សិរិនថន និងមានការអញ្ជើញចូលរួមពីប្រធានាធិបតី នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឧត្តមមន្ត្រី និងមន្ត្រីនៃរដ្ឋជាសមាជិកចំនួន​ ៥៣ប្រទេស និងរដ្ឋសង្កេតការណ៍ចំនួន ៩រដ្ឋ នៃតំបន់អាស៊ី និងប៉ាស៊ីហ្វិក តំណាងស្ថាប័នសំខាន់ៗរបស់អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជនជាច្រើនទៀត។ គោលបំណងដ៏ចម្បងនៃសន្និបាតនេះ គឺដើម្បីពិនិត្យ និងអនុម័តលើរបាយការណ៍ការងារដែល UN-ESCAP និងរដ្ឋជាសមាជិកបានអនុវត្តក្នុងឆ្នាំ២០១៨ និងអនុម័តលើផែនការ ព្រមទាំងកម្មវិធីអភិវឌ្ឍន៍ផ្សេងៗទៀត ដែលបានស្នើឡើងដោយ UN-ESCAP និងរដ្ឋជាសមាជិកសម្រាប់ឆ្នាំ២០១៩។ របាយការណ៍ និងផែនការសកម្មភាពទាំងនោះនឹងដាក់ជូនក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចអង្គការសហប្រជាជាតិ (ECOSOC) និងអង្គមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិនៅក្នុងអំឡុងខែកញ្ញា នៅបូរីញូយ៉ក៕