រីករាយព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» ថ្ងៃនេះ ជាថ្ងៃដែលព្រះរាជាណាចក្រកម្ពុជាប្រារព្ធនូវព្រះរាជពិធីបុណ្យ«ច្រត់ព្រះនង្គ័ល»ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។ ព្រះរាជពិធីនេះ គឺសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើនទៀតប្រចាំឆ្នាំ។ ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះបានធ្វើឡើងនៅខេត្តតាកែវ។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅ តាមការបរិភោគរបស់ «គោឧសភរាជ»។ ម្យ៉ាងទៀតក៏ជាការដាស់តឿនក្រើនរំឭក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ។ ជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើន សំណាងល្អ និងរីករាយក្នុងថ្ងៃឈប់សំរាកនេះ៕