សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីអបអរសាទរខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា នៅព្រឹកថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីព្រះរាជាណាចក្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីអបអរសាទរខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញ។ ពិធីអបអរសាទរខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភាឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា»។ ទន្ទឹមការប្រារព្ធពិធីអបអរសាទរខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ហើយនោះ ក៏នឹងមានពិធីអបអរខួប ១០០ឆ្នាំ នៃការបង្កើតសហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម អឌ្ឍចន្ទក្រហម (១៩១៩-២០១៩) ផងដែរ។ ពិធីនេះ នឹងមានការចូលរួមពីមានវត្តមានឥស្សរជន ថ្នាក់ដឹកនាំជាតិ អន្តរជាតិ សប្បុរសជន និងសិស្ស និស្សិតសរុបប្រមាណ ៤ពាន់នាក់។ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សព្វផ្សាយអំពីសមិទ្ធផលសម្រេចបាន និងកៀរគររកមូលនិធិ ដើម្បីបន្ដប្រតិបត្ដិការមនុស្សធម៌ ជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅទូទាំងប្រទេសកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។ គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពិធីនេះនៅម៉ោង៨:០០នាទី ព្រឹក ពីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា៕