សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឡេ ឌឹកអាញ់ អតីតប្រធានរដ្ឋវៀតណាម ​​នៅព្រឹកថ្ងៃទី៣​ ឧសភានេះ រដ្ឋ-រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បាន​ប្រារព្វពិធីគោរពវិញ្ញាណក្ខន្ធផ្លូវការ សព​ ឯកឧត្តម ឡេ ឌឹកអាញ់ អតីតប្រធានរដ្ឋវៀតណាម ដើម្បីឲ្យបណ្តាមេដឹកនាំពិភពលោក និងប្រជាជនវៀតណាម ចូលរួមគោរពវិញ្ញាណក្ខន្ធ និងការ​ជូនដំណើរជាលើកចុងក្រោយជូនដល់វិញ្ញាណក្ខន្ធ ឯកឧត្តម ឡេ ឌឹកអាញ់។ ពិធីគោរពវិញ្ញាណ​ក្ខន្ធផ្លូវការនេះ និងរៀនចំឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៣និងទី៤ឧសភា មុនពិធី​ហែរទៅ​បញ្ចុះ​សពនៅស្រុកកំណើតរបស់ឯកឧត្តមនៅភូមិភាគកណ្តាល របស់ប្រទេសវៀតណាម។ ​​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង នាមជាមេដឹកនាំពិភពលោកមួយរូប និងជាអ្នកដែលធ្លាប់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹង ឯកឧត្តម ឡេ ឌឹកអាញ់ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំកង យោធពលខេមរភូមិន្ទ សរុបចំនួន ២៥រូប អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឡេ ឌឹកអាញ់ អតីតប្រធានរដ្ឋវៀតណាម ដែលប្រារព្វធ្វើឡើងនៅវិមានតម្កល់សពអគារលេខ៥ ចិនថាញើតុង (Tran Thanh Tong) ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។ ក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការ​នោះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អុជធូបនិងធ្វើការលំអោនកាយវាចាចិត្តគោរពចំពោះសព​ ឯកឧត្តម ឡេ ឌឹកអាញ់ អតីតប្រធានរដ្ឋវៀតណាម ដែលក្នុងមួយជីវិតរបស់ឯកឧត្តម ឯកឧត្តមបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី អាយុ សង្ខា ក្នុងបុព្វហេតុឯករាជ្យ និងអធិបតេយ្យជាតិរបស់វៀតណាម រហូតដល់ប្រទេសទទួលបាននូវសុខ សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យរហូតមកដល់បច្ចុប្បន្ន។ សូមបញ្ជាក់ថា ឯកឧត្តម ឡេ ឌឹកអាញ់ បានចំណាយពេលភាគច្រើន ក្នុងមួយជីវិតរបស់លោក នៅឯភាគខាងត្បូងប្រទេស​វៀត​ណាម ជាទីដែលឯកឧត្តមបានចូលរួមក្នុងសង្រ្គាម របស់បក្សកុម្មុយនិស្តវៀតណាម ប្រឆាំង​នឹង​អាមេរិក។ ឯកឧត្តមបានកាន់មុខតំណែងជាប្រធានរដ្ឋវៀតណាម ចាប់ពីឆ្នាំ១៩៩២ ដល់​ឆ្នាំ​១៩៩៧ និងនៅឆ្នាំ១៩៩៥ ឯកឧត្តមបានក្លាយជាប្រមុខរដ្ឋវៀតណាមដំបូងគេ ដែលបានឈាន​ជើង​ជាន់លើទឹកដីអាមេរិក ក្រោយសម័យសង្រ្គាមវៀតណាម នៅពេលដែល ឯកឧត្តមធ្វើដំណើរ​ទៅចូលរួមគម្រប់ខួប ៥០ឆ្នាំ របស់អង្គការសហប្រជាជាតិនៅញូយ៉ក។ ជាមួយនឹងប្រទេសកម្ពុជា ឯកឧត្តម ឡេ ដឹកអាញ់ អតីតប្រធានរដ្ឋ និងជាអតីតមេទ័ពវៀតណាម្នាក់ ដែលបានជួយ​កម្ពុជា ក្នុង​ការផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ឯកឧត្តមបានទទួលមរណភាព ក្នុង​អាយុ​៩៩​ឆ្នាំ កាលពីវេលាយប់ ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩ ដោយសាររោគាពាធ។ ឯកឧត្តម​អតីតប្រធានរដ្ឋ ទទួលបានការអប់រំនៅក្នុងអតីតសហភាពសូវៀត (រុស្ស៊ីបច្ចុប្បន្ន) និង​ពិការ​ភ្នែក​មួយចំហៀង និងធ្លាប់បានកាន់តួនាទីយោធាខុសគ្នាៗ ក្នុងអំឡុងសង្រ្គាមវៀតណាម។ ថ្នាក់​ដឹកនាំនិងប្រជាជនវៀតណាម ចាត់ទុកឯកឧត្តម ឡេ ឌឹកអាញ់ ជាបុគ្គលមួយរូប ដែលបាន​ជួយ​រំដោះទីក្រុងសៃហ្គន (Saigon - ទីក្រុងហូជីមិញបច្ចុប្បន្ន) នៅក្នុងប្រតិបត្តិការវាយ និងផ្តួល​រំលំ​រដ្ឋាភិបាលវៀតណាមខាងត្បូង ដែលគាំទ្រដោយអាមេរិក។ ​​នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និងជាការជូនដំណើរជាលើកចុងក្រោយ ឯកឧត្តម ឡេ ឌឹក អាញ់ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញសរសេរលើសៀវភៅក្រាំងមាស នៃការចូលរួម​មរណទុក្ខ ជូនចំពោះរដ្ឋ រដ្ឋាភិបាល គ្រួសារសព និងប្រជាជនវៀតណាម ដែលមានអត្ថន័យយ៉ាង ជ្រាលជ្រៅថា ៖​ "​ អ៊ុំ ឡេ ឌឹកអាញ់ ជាទីគោរព ខ្ញុំ និងគណៈប្រតិភូបក្ស រាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា បានមកជូនដំណើរអ៊ុំ​ជាលើក​ចុងក្រោយ ដែលគ្មានពេលនឹងបានជួបវិញ។ តាំងពីបានជួបគ្នាលើកដំបូងនាដើមឆ្នាំ១៩៧៨ នៅ​មន្ទីរពេទ្យ ថុងញិត ក្រុងហូជីមិញ រហូតមកដល់ពេលនេះ រូបអ៊ុំផ្ទាល់រួមជាមួយកងទ័ព និង​ប្រជាជនវៀតណាម បានជួយដល់ប្រជាជនកម្ពុជាច្រើនណាស់។ កងកម្លាំងប្រដាប់អាវុធ​សាមគ្គី​សង្រ្គោះជាតិកម្ពុជា ត្រូវបានកសាងឡើងក្រោមការជួយឧបត្ថម្ភផ្ទាល់ពីសំណាក់លោកអ៊ុំ ដែល​ពេល​នោះ លោកអ៊ុំ ជាមេបញ្ជាការយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម។ ការរំដោះ​ប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ការទប់ស្កាត់ការវិលត្រឡប់ នៃរបប​ប្រល័យ​ពូជសាសន៍ ការកសាងកម្ពុជាឡើងវិញ ពិសេសការរីកធំធាត់ នៃកងទ័ពកម្ពុជា ។ល។ សុទ្ធតែមាន​ការរួមចំណែករបស់លោកអ៊ុំ។ ក្នុងពេលបំពេញភារកិច្ចនៅកម្ពុជា លោកអ៊ុំបានតំណាងឲ្យបក្ស រដ្ឋាភិបាល និងកងទ័ពស្ម័គ្រចិត្តវៀតណាម អនុវត្តបានយ៉ាងពេញលេញ នូវគោលការណ៍ គោរព​ឯករាជ្យ អធិបតេយ្យភាពកម្ពុជា គោរពយ៉ាងម៉ឺងម៉ាត់ នូវការជ្រើសរើសរបស់ប្រជាជនកម្ពុជា នូវ​ប្រព័ន្ធនយោបាយ សេដ្ឋកិច្ចសង្គមរបស់កម្ពុជា។ ក្នុងពេលបំពេញមុខងារជាប្រធានរដ្ឋ​វៀត​ណាម លោកអ៊ុំជាមនុស្សម្នាក់ ដែលបានរួមជាមួយបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ជំរុញ​នូវទំនាក់ទំនងលើគ្រប់វិស័យ រវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ឲ្យរីកចម្រើនយ៉ាង​ឆាប់​រហ័ស។ តាំងពីពេលស្គាល់គ្នារហូតមកដល់ពេលបែកគ្នា លោកអ៊ុំ តែងយកចិត្តទុកដាក់​ដល់​រូប​ខ្ញុំ ភរិយា និងកូនៗ របស់ខ្ញុំ ដូចឪពុក និងកូន ជីតានិងចៅ។ ខ្ញុំនៅចាំបានថា នៅក្នុងគ្រាដែល ​ខ្ញុំ​លំបាកបំផុត ពេលកសាងកងទ័ពដំបូង លោកអ៊ុំបានផ្តល់នូវការឧបត្ថម្ភគ្រប់យ៉ាង ដើម្បីឲ្យ​កងទ័ព​កម្ពុជា បានរីកធំធាត់យ៉ាងឆាប់រហ័ស។ លោកអ៊ុំមិនពិសារបារីទេ តែលោកអ៊ុំមិនភ្លេច​ផ្ញើ​បារីឲ្យខ្ញុំ ដោយសាអ៊ុំដឹងថា ខ្ញុំជាអ្នកជក់បារីច្រើន។ លោកអ៊ុំតែងផ្តល់យោបល់ឲ្យខ្ញុំថែសុខភាព។ ក្នុងឋានៈជាអ្នកនយោបាយមួយរូប និងជាមេបញ្ជាការកងទ័ពមួយរូប ខ្ញុំបានចាត់ទុកលោកអ៊ុំ ជា​អ្នក​កំពូលយុទ្ធសាស្រ្តលើផ្នែកយោធា និងនយោបាយ ដែលខ្ញុំពុំទាន់ជួបមនុស្សផ្សេងទៀត នៅ​តាម​ប្រទេសនានានៅឡើយ។ សូមគោរពលា និងជូនដំណើរ លោកអ៊ុំ ដោយក្តីអាឡោះអាល័យ​ជាមួយនឹងទុក្ខ​ដ៏ក្រៀម​ក្រំបំផុត។ ហាណូយ ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០១៩ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ "​ ៕