សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូមិធ្វើមាតុភូមិនិវត្តន៍ នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូត្រឡប់មកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាពហើយ បន្ទាប់ពីបានអញ្ជើញធ្វើដំណើរពីឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីអញ្ជើញចូលរួមក្នុងពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធ​ ឯកឧត្តម ឡេ ឌឹកអាញ់ ដែលជាអតីតប្រធានរដ្ឋនៃប្រទេសវៀតណាម ដែលបាន ទទួលមរណៈភាពកាលពីថ្ងៃទី​២២ ខែមេសា ឆ្នាំ ២០១៩កន្លងទៅ ក្នុង​វ័យ​៩៩ឆ្នាំ ដោយជំងឺ​។ ឯកឧត្តម ឡេ ឌឹកអាញ់ ជាមេដឹកនាំកំពូលមួយរូបរបស់ប្រទេសវៀតណាម ដែលមានគុណបំណាច់បានជួយរំដោះប្រទេសកម្ពុជាអោយចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការទប់ស្កាត់មិន ឲ្យរបបនេះវិលត្រឡប់មកវិញ។ សម្តេចតេជោបានសរសេរសារដ៏មានសារៈសំខាន់លើសៀវភៅក្រាំង មាស នៃការចូលរួមរំលែកទុក្ខ ដើម្បីជាការជូនដំណើរជាលើកចុងក្រោយជូនដល់វិញ្ញាណក្ខន្ធ ឯកឧត្តម ឡេ ឌឹកអាញ់ ដោយសម្តេចបានចាត់ទុកថា ឯកឧត្តម ឡេ ឌឹកអាញ់ គឺជាមេដឹកនាំកំពូលរបស់វៀតណាម ដែលបានជួយដល់កម្ពុជាទាំងផ្នែកស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ។ សូមវិញ្ញាណក្ខន្ធឯកឧត្តម ឡេ ឌឹកអាញ់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕