សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់ប្រទេសវៀតណាមប្រកបដោយសុវត្តិភាព នៅម៉ោងប្រមាណ​ ១៧:១០នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ អញ្ជើញទៅដល់ប្រទេសវៀតណាមប្រកបដោយ សុវត្តិភាពហើយដើម្បីអញ្ជើញចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម លោក ឡេ ឌឹកអាញ់ ដែលជាអតីតប្រធានរដ្ឋវៀតណាម។ វត្តមាននៃការអញ្ជើញដល់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់ពី ឯកឧត្តម Nguyen Quoc Cuong អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម ឯកឧត្តម ប្រាក់ ងួនហុង ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាមជាច្រើនរូប។ សូមជំរាបថា ឯកឧត្តម ឡេ ឌឹកអាញ់ បានទទួលមរណភាព នៅថ្ងៃច័ន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩កន្លងទៅ។ ឯកឧត្តម បានទទួលមរណៈភាពក្នុងវ័យ៩៩ឆ្នាំ ដោយសារតែជំងឺប្រចាំកាយជាយូរឆ្នាំមកហើយ។ ឯកឧត្តម ឡេ ឌឹកអាញ់ ជារដ្ឋបុរសវៀតណាមមួយរូប និងជាតួអង្គនយោបាយដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសរវៀតណាម និងប្រទេសកម្ពុជា ពីព្រោះឯកឧត្តមបានចូលរួមយ៉ាងសកម្ម ក្នុងការវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត៕