សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ នូវដំណើរអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ របស់លោកជំទាវ អោង សានស៊ូជី (Aung San Suu Kyi) នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍លោកជំទាវ អោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងឱកាសដែលលោកជំទាវអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃនៅក្នុងប្រទេសកម្ពុជា។ វិធីពីបដិសណ្ឋារកិច្ចស្វាគមន៍នេះ រៀបចំឡើងនៅវិមានសន្តិភាព ដោយមានពិធីត្រួតពល ក្នុងនោះមានការចូលរួមពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីអង្គទូតនានាប្រចាំនៅកម្ពុជា ក្នុងភាពរាក់ទាក់ និងស្និទ្ធស្នាលបំផុត។ ក្នុងអំឡុងពេលទស្សនកិច្ច លោកស្រី អោង សានស៊ូជី លោកស្រីនឹងចូលបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរនៅក្នុងព្រះបរមរាជវាំង។ លោកស្រីក៏នឹងចូលជួបសម្តែងការគួរសមជាបន្តបន្ទាប់ ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ លោកស្រី ក៏បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅស្តូបវិមានឯករាជ្យ និងព្រះមណ្ឌបព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រកម្ពុជា។ ហើយនៅចុងបញ្ចប់ នៃដំណើរទស្សនកិច្ច លោកស្រី នឹងអញ្ជើញទៅទស្សនាប្រាសាទមួយចំនួន នៅខេត្តសៀមរាបផងដែរ។ តាមរយៈ ដំណើរបំពេញទស្សនកិច្ចនេះ គឺដើម្បីពង្រឹង និងពង្រីកថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ព្រមទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងពហុភាគី៕