ស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកស្រី អោង សានស៊ូជី (Aung San Suu Kyi) មកកាន់ព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះលោកស្រី អោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានដឹកនាំគណៈប្រតិភូ មកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃនៅកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ព្រមទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងពហុភាគី។ តាមការគ្រោងទុក ក្នុងអំឡុងពេលទស្សនកិច្ច លោកស្រី អោង សានស៊ូជី នឹងចូលបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរនៅក្នុងព្រះបរមរាជវាំង។ លោកស្រីក៏នឹងចូលជួបសម្តែងការគួរសមជាបន្តបន្ទាប់ ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងមានជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នៅនៅវិមានសន្តិភាព នៅថ្ងៃស្អែក។ លោកស្រី នឹងអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅស្តូបវិមានឯករាជ្យ និងព្រះមណ្ឌបព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រកម្ពុជា។ ហើយនៅចុងបញ្ចប់ នៃដំណើរទស្សនកិច្ច លោកស្រី នឹងអញ្ជើញទៅទស្សនាប្រាសាទមួយចំនួន នៅខេត្តសៀមរាបផងដែរ៕