សុខសប្បាយជាទេ បងប្អូនជនរួមជាតិ? នៅពេលនេះ ខ្ញុំកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចាកចេញពីប្រទេសចិនជាមិត្ត វិលត្រឡប់មកកម្ពុជាវិញហើយ បន្ទាប់ពីបានចូលរួមក្នុងវេទិកាផ្លូវ១និងខ្សែក្រវ៉ាត់១ លើកទី២ កាលពីថ្ងៃទី ២៥-២៩ មេសា ២០១៩ ក្នុងនោះក៏មានជំនួបទ្វេភាគីជាមួយ លោកប្រធានាធិបតីចិន ស៊ី ជិនពីង និង លោកនាយករដ្ឋមន្រ្តីចិន លី គឺឈៀង ដែលប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀង ៦ ថែមទៀត ដើម្បីជំរុញទំនាក់ទំនង កម្ពុជា-ចិន អោយឡើងដល់កម្រិតកំពូល។ ក្នុងនាមជាប្រទេសដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប គឺយើងជាបងប្អូនដែលចែករំលែកនូវផលប្រយោជន៍នៃអនាគត់តែ១។ តាមរយៈជំនួបប្រជុំជាមួយពាណិជ្ជករ និងក្រុមហ៊ុនវិនិយោគចិនធំៗនៅទីក្រុងប៉េកាំង គឺនឹងមានក្រុម ហ៊ុនចិនជាច្រើនថែមទៀតនឹងមកកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ ស្របពេលដែលប្រទេសជាតិ កំពុងមានស្ថេរភាព សុខសន្តិភាព និងរីកចម្រើនជាមួយនឹងកំណើនសេដ្ឋកិច្ចរឹងមាំល្អ។ ខ្ញុំ សូមអរគុណមិត្តចិន ដែលតែងតែយកចិត្តទុកដាក់ជួយដល់កម្ពុជារហូតមានការរីកចម្រើនមកដល់សព្វថ្ងៃនេះ។ ហើយនៅថ្ងៃនេះផងដែរ សូមអរគុណមិត្តចិនដែលផ្តល់ជំនួយជាង ៦០០ លានយ័ន ដើម្បីពង្រឹងវិស័យការពារជាតិកម្ពុជាអោយកាន់តែរឹងមាំ៕