សម្តេចតេជោ ហ៊ុន សែន ទទួលគោរមងារសាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ​​នៅរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គឺ​ជាថ្នាក់ដឹកនាំកំពូលលើកដំបូងគេ របស់ព្រះរាជាណាចក្រកម្ពុជា ដែលទទួលបាននូវគោរមងារសាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យប៉េកាំង ដែលជាសាកលវិទ្យាល័យដ៏ធំនិងចំណាស់ជាងគេនៅទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន។ ពិធីប្រគល់និង​ទទួលដែលធ្វើឡើង ដោយមានវត្តមាននៃការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំចិន ក្រុមប្រឹក្សាភិបាលសាកលវិទ្យាធិការ នៃសាកល​វិទ្យាល័យ រួមទាំងនិស្សិតកម្ពុជា-ចិន ដែលកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យប៉េកាំង ជាច្រើនរូប។ នៅក្នុងពិធីទទួលនិងបដិសណ្ឋារកិច្ចផ្លូវការនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើ​គារវកិច្ចស្វាគមន៍ពីថ្នាក់ដឹកនាំក្រសួងអប់រំ និងក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យប៉េកាំង មុនពិធីប្រគល់គោរមងារសាស្រ្តាចារ្យកិត្តិយស ផ្នែកទំនាក់ទំនងអន្តរជាតិ ជូនសម្តេចតេជោ​នាយករដ្ឋមន្រ្តី ពីសាកលវិទ្យាល័យប៉េកាំង។ ថ្នាក់ដឹកនាំក្រសួងអប់រំ និងក្រុមប្រឹក្សាភិបាល នៃ សាកលវិទ្យាល័យប៉េកាំង មានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ សកម្មភាពដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការរំលត់ភ្លើងសង្រ្គាម របបប្រល័យពូជសាសន៍ ការស្វែងរកដំណោះស្រាយនយោបាយ ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាការទំនាក់ទំនងអន្តរជាតិ និងការដឹកនាំស្តារអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ក្នុងប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលជាង២ទសវត្ស បន្ទាប់ពីកម្ពុជាទទួលបាននូវសុខសន្តិ​ភាពយ៉ាងពេញលេញតាមរយៈការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី។ ជាមួយគ្នានេះថ្នាក់ដឹនាំក្រសួងអប់រំ និងក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យប៉េកាំង សូមសំដែងនូវការសប្បាយរីករាយ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានឆ្លើយតបនិងទទួលយកនូវគោរមងារ << សាស្រ្តចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ >> ពីសាកល វិទ្យាល័យប៉េកាំង ដែលនេះបានបង្ហាញពីការផ្តល់នូវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះថ្នាក់ដឹក​នាំ និងប្រជាជនចិន ដែលជានិច្ចកាលតែងតែមានទំនាក់ទំនងល្អជាមួយសម្តេចនាយករដ្ឋមន្រ្តី ក៏ ដូចជាប្រទេសនិងប្រជាជនកម្ពុជា។ ថ្នាក់ដឹកនាំនិងក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យប៉េ​កាំង ក៏បានប្រសិទ្ធពរជ័យបវរមហាប្រសើរ ជូនសម្តេចតេជោនាយករដ្ឋមន្រ្តីក្នុងការបន្តស្ថិតនៅ ជាអ្នកដឹកនាំដ៏ឆ្នើមនៅកម្ពុជា ក្នុងការបន្តដឹកនាំនិងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម របស់ប្រទេសកម្ពុជា ឲ្យកាន់តែមានការីកចម្រើនខ្ពង់ខ្ពស់ទ្វេឡើងថែមទៀត។ ថ្នាក់ដឹកនាំក្រសួងអប់រំ និងក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យប៉េកាំងមានប្រសាសន៍ដែរថា កន្លងមកសាកលវិទ្យាល័យប៉េកាំង បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា និងពង្រឹងចំណងមិត្តភាពជាមួយកម្ពុជា ក្នុងឆ្នាំ២០១៨ សាកលវិទ្យាល័យប៉េកាំង បានចុះហត្ថលេខាជាមួយរាជបណ្ឌិតសភាកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ​​បន្ទាប់មកថ្នាក់នៃសាកលវិទ្យាល័យប៉េកាំង បានអញ្ជើញជូនគោរមងារកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី តាមរយៈលិខិតបញ្ជាក់ផ្លូវការរបស់សាកលវិទ្យាល័យ និងសញ្ញាសំគាល់របស់សាកលវិទ្យាល័យ ដោយបានចាត់ទុកថា ពីថ្ងៃនេះតទៅ សម្តេចតេ​ជោ​នាយក​រដ្ឋមន្រ្តី គឺជាសាស្រ្តាចារ្យកិត្តិយសផ្លូវការ របស់សាកលវិទ្យាល័យប៉េកាំង។ ផ្នែកមួយ​នៃការជូនគោរមងារនេះដែរ ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះសកម្មភាពរបស់សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី ដែលបានគាំទ្រដល់គោលនយោបាយរបស់ប្រទេសចិន ដែលទាក់ទិនទៅនិង ខ្សែ ក្រវ៉ាត់ និងផ្លូវ ដែលជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះ មានប្រទេសជាច្រើនលើសកលលោក បាន​ចូលរួមគាំទ្រចំពោះគំនិតផ្តួចផ្តើមដ៏មានសារសំខាន់នោះ។ ​​នៅក្នុងពិធីដ៏មានអត្ថន័យជាប្រវត្តិសាស្រ្តនោះដែរ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋ​មន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានវត្តមានក្នុងពិធីប្រគល់និងទទួលគោរមងារ << សាស្រ្តាចារ្យកិត្តិយស​ផ្នែកទំនាក់ទំនងអន្តរជាតិ >> ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ដោយសាកលវិទ្យាល័យប៉េកាំង បាន អញ្ជើញនាំបាច់ផ្កា ជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីជាកិច្ចនៃការគោរពដឹងគុណយ៉ាងជ្រាល​ជ្រៅបំផុត ដែលរូបសម្តេចបានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការដឹកនាំប្រទេសចេញពីរបប​ប្រល័យពូជសាសន៍ប៉ុល ពត ការពន្លត់ភ្លើងសង្រ្គាមរ៉ាំរ៉ៃ ការស្វែងរកដំណោះស្រាយសន្តិភាព​ ការបញ្ចប់សង្រ្គាមទាំងស្រុង តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេច និងដំណើរការនៃការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចពីបាត់ដៃទទេរ រហូតកម្ពុជារក្សាបាននូវកំណើន សេដ្ឋកិច្ចក្នុងរង្វង់៧% ក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយ ពិសេសការធ្វើទំនាក់ទំនងកិច្ចសហប្រតិបត្តិការដោយស្មើសិទ្ធ ស្មើភាព ខ្ពស់មុខខ្ពស់មាត់ជាមួយនិងបណ្តាប្រទេសទាំងអស់លើសកលលោក។ ​​នៅក្នុងពិធីដ៏មានអត្ថន័យនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំនៃក្រសួង​អប់រំ ក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យប៉េកាំង បានអញ្ជើញបើករបាំងស្បៃដើម្បីជានិម្មិតរូប នៃពិធីសម្ពោធមជ្ឈមណ្ឌលវិទ្យាស្ថានស្រាវជ្រាវកម្ពុជា របស់រាជបណ្ឌិតសភាកម្ពុជា ដែលឧបត្ថម្ភដោយសាកលវិទ្យាល័យប៉េកាំង៕