សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយចំនួនច្រើនបានវិល ត្រឡប់មកកាន់លំនៅដ្ឋានវិញហើយ បន្ទាប់ពីបានទៅជួបជុំឪពុកម្តាយ និងសាច់សារលោហិត នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដែលមានរយៈពេល៣ថ្ងៃកន្លងមកនេះ។ ថ្ងៃទី ១៨ មេសា នេះ គឺជាថ្ងៃចុងក្រោយ ដែលបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយកម្មករ​ កម្មការិនីអាចធ្វើដំណើរតាមឡានក្រុងរបស់សាលារាជធានីភ្នំពេញដោយមិនគិតថ្លៃ។ សូមធ្វើដំណើរបានសុខសប្បាយតាមផ្លូវទាំងអស់គ្នា។ តៃកុងឡាន ក៏ដូចជាអ្នកបេីកបរទូទៅ ត្រូវតែគោរពច្បាប់ កុំបង្ខំបើកលឿនប្រជែងយកឈ្នះដោយសារការប្រញាប់ ជាពិសេសក្នុងថ្ងៃដែលមានអ្នកធ្វើដំណើរច្រើន និងនៅលើផ្លូវកោង លើស្ពាន និងនៅទីប្រជុំជនដែលមានមនុស្សអ៊ូអរច្រើន។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអរគុណដល់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ឋទាំងអស់ និងកងទ័ពដែលកំពុងឈរជើងការពារនៅតាមព្រំដែន រួមទាំងសិល្បករ សិល្បការនី គណៈកម្មការរៀបចំបុណ្យជាតិ សមាគម អង្គការ ក្មួយៗយុវជន ក្រុមហ៊ុន និងម្ចាស់ឧបត្ថម្ភ និងសប្បុរជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភ ការពារ ថែរក្សាសុវត្ថិភាពសណ្តាប់ធ្នាប់ និងបានចូលរួមបង្កើតកម្មវិធីកំសាន្តសប្បាយជាច្រើន ជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានកំសាន្តសប្បាយរីករាយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះ។ ជាពិសេស សូមអរគុណបងប្អូនដែលបានចូលរួមថែរក្សាការពារសន្តិភាពសម្រាប់ប្រទេសជាតិយើងទាំងមូល។ សូមជូនពរបងប្អូនជនរួមជាតិ ទាំងក្នុងនិងក្រៅប្រទេស ជួបតែសេចក្តីសុខ ចម្រុងចម្រើន ព្រមទាំងពុទ្ឋពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕